លោក អូន ព័ន្ធមុនីរ័ត្ន​៖ អាម៉េរិក ជាដៃគូសហការដ៏សំខាន់ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា
ចែករំលែក

ភ្នំពេញ៖ សហអាម៉េរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅចំពោះមុខលោកស្រី Bridgette Walker ការៈធាវីស្តីទី ​នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។​

លោកស្រី Bridgette Walker បានជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ​នៅទីស្តីក្រសួងក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ ធ្វើឡើងនេះក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលចេញផ្សាយជាសាធារណៈ នាថ្ងៃទី២៨ ខែឧសភា។​

ក្នុងជំនួបការងារនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងឈានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជា ត្រូវការរក្សាឱ្យបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ពិសេសការទាញយកសក្តានុពលនៃ មូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឱ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ។ 

នៅចំពោះលោកស្រី Bridgette Walker, លោករដ្ឋមន្ត្រីសេដ្ឋកិច្ចបានថ្លែងយ៉ាងដូច្នេះ៖ « សហអាម៉េរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការជួយបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា»។

ជាមួយគ្នានេះ លោកស្រី Bridgette Walker បានសាទរចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា  ពិសេស កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ ពិពិធកម្មប្រភពវិនិយោគឯកជន។ លោកស្រី ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទ ល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ផងដែរ។ 

លោកស្រី Bridgette Walker បានបន្ថែមថា​ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្តល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ។ 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាជំនួបការងារលើកដំបូងរវាងលោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី Bridgette Walker នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ផងដែរ។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ច​ បានរៀបរាប់ពី កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីទាំងពីរ។  ក្នុងការនោះ កម្ពុជា​បានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន។ 

« កម្ពុជា​ បានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយ បដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាម៉េរិក នៅសប្តាហ៍ក្រោយនេះ»។ នេះជាការអះអាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល។​

លើសពីនេះ, រដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងនោះ រដ្ឋាភិបាល បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិន បរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម ៕ 

ព័ត៌មានថ្មីៗ