សម្ដេច ហ៊ុន សែន គាំទ្រ និងលើកទឹកចិត្តចលនាឧបត្ថម្ភដល់កងកម្លាំងនៅព្រំដែន
ចែករំលែក

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា អះអាងថា ខឿនការពារជាតិកម្ពុជា មានភាពរឹងមាំខ្លាំង ខណៈដែលសម្ដេចសង្កេត​ឃើញមានចលនាឧបត្ថម្ភ ជាបន្តបន្ទាប់ រួមមានទាំងរដ្ឋាភិបាល វិស័យឯកជន សាធារណជនទូទៅទៅដល់​កងកម្លាំ​ងនៅតាម​បណ្តោយ​ព្រំដែន។

នៅព្រឹកថ្ងៃទី២៩ ខែ​ឧសភានេះ សម្ដេច ហ៊ុន សែន បានថ្លែងសារពិសេស ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ មួយថ្ងៃ​ក្រោយ​ការវាយឆ្មក់ទៅលើលេណដ្ឋានកងទ័ព​កម្ពុជានៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឱ្យ​យោធិនកម្ពុជាមួយ​រូប​ទទួលមរណភាព។

ជាមួយ​គ្នានេះ សម្តេចមើល​ឃើញចលនាសប្បុរសធម៌​នៃបណ្ដាក្រុមហ៊ុនធំៗក្នុងស្រុក ដែល​បានស្នើសុំចូលរួម ជួយឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែន។ តាមរយៈការជួយគាំទ្រជាស្បៀង អាហារ ថវិកា និងការលើកទឹកចិត្តផ្សេង ដល់កម្លាំងការពារតាមតំបន់ព្រំដែន សម្ដេចបន្ត​លើកទឹក​ចិត្តដើម្បីបង្កើនកម្លាំងចិត្តដល់កងទ័ព។

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់បន្ថែមបែបនេះ៖ «អ៊ីចឹង ខឿនការពារជាតិរបស់ប្រជាជនកម្ពុជា គឺខ្លាំងណាស់! ឥឡូវ កំពុងមានចលនា កម្លាំងទ័ពយើងកំពុងឡើងទៅជួរមុខ។ ការផ្គត់ផ្គង់ត្រូវតែមាន ពីរដ្ឋ ក្រសួងការពារជាតិ ពីគ្រប់ផ្នែក»។ ជាមួយគ្នាដែរ សម្ដេច ជំរុញឱ្យស្ថាប័នផ្សេងៗទៀត រួមគ្នាចូលរួមជួយឧបត្ថម្ភផងដែរ។

សម្តេចប្រធាន​ព្រឹទ្ធសភា បានអំពាវនាវយ៉ាងដូច្នេះ៖ «សូមអំពាវនាវពលរដ្ឋរបស់យើង ចូលរួមដើម្បីជួយផ្គត់ផ្គង់។ យើងមិនខ្វះទេ ក៏ប៉ុន្តែយើងបង្ហាញពីសមានចិត្ត ដើម្បីបញ្ជាក់អំពីខឿនការពារជាតិរបស់ប្រជាជន ដែលជាយុទ្ធសាស្រ្ត របស់ ហ៊ុន សែន តាំងពីដើម»៕

ព័ត៌មានថ្មីៗ