មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា ៖ «ក្នុងឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់។ ក្នុងនោះ គឺមានកុមារកើតជំងឺមហារីកគ្រាប់ឈាមស ចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀត១២៥នាក់ ដែលការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់, មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លារ ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀត ទៅតាមប្រភេទនៃជំងឺមហារីក។»។
នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ហើយនោះ ក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ ដូចជាជំងឺមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខួរក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ក្នុងនោះក៏មានផងដែរ មហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម ដែលភាគច្រើនជាប្រភេទ nephroblastoma។ មហារីក នៅកោសិកាប្រសាទ ប្រភេទ neuroblastoma។
ថ្មីៗនេះ មន្ទីរពេទ្យក៏បានទទួលព្យាបាលកុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma។ រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។