អ្នកកាសែតជាង១០ស្ថាប័ន នឹងធ្វើទស្សនកិច្ចស្តីពី«បេតិកភណ្ឌ» លើទឹកដីអង្គរ នៅចុងខែឧសភា
ចែករំលែក

ភ្នំពេញ៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីបណ្ដាស្ថាប័នជាង១០អង្គភាព នឹងធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប រយៈពេល៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ឧសភា។ ដំណើរទស្សនកិច្ចនេះ ជាគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដើម្បីផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន អាចសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិឱ្យកាន់តែទូលំទូលាយថែមទៀត។ អ្នកសារព័ត៌មានចូលរួមដំណើរទស្សនកិច្ចនេះ មានជាភាសាខ្មែរ អង់គ្លេស បារាំង និងចិនជាដើម។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ ក្រុមអ្នកសារព័ត៌មាន នឹងជួបជាមួយមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា តំណាងក្លិបទេសចរណ៍ខេត្តសៀមរាប វិស័យឯកជន និងទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។ ក្នុងនោះទស្សនាសត្វព្រៃជាច្រើនប្រភេទ នៅ Angkor Wildlife & Aquarium, ស្វែងយល់ពីតួនាទីភារកិច្ច និងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា រយៈពេល៣០ឆ្នាំ, អត្ថន័យ«រចនាបថផ្ទះឈើខ្មែរ និងម្ហូបខ្មែរ ដើរតួនាទីសំខាន់បែបណា ក្នុងវិស័យទេសចរណ៍?, ការងារអប់រំបេតិកភណ្ឌ និងសិប្បកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ, ប្រព័ន្ធធារាសាស្រ្ត-កសិកម្មសម័យអង្គរ និងសារសំខាន់នៃព្រៃឈើដូនតា (ការពារប្រាសាទ និងជាថ្នាំបុរាណ), ទស្សនាផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ, កិច្ចការងារអភិរក្ស និងជួសជុលថែទាំប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុងអង្គរធំ។

សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីសណ្ឋាគារ ម៉េម័រ ផាលេស និងរីសត ,Angkor Wildlife & Aquarium ,ភោជនីយដ្ឋានពូ ,ភោជនីយដ្ឋាន ម៉ែឌី និងភីគអេលីតប៊ូទិក៕
 

ព័ត៌មានថ្មីៗ