ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ផ្តើមពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេចរបស់គម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) បម្រើឱ្យការនាំចេញ ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តទៅ។ ជាពិសេស ពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផល ដែលត្រូវនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។
« ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យរូបវន្ត លើការនាំចូលធាតុចូលផលិតកម្ម គ.ល.គ. ដែលផលិត សម្រាប់នាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក»។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ បានណែនាំឱ្យប្រធានលេខាធិការដ្ឋាន នាយកដ្ឋានសាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីថ្ងៃទី២៧ ខែឧសភា តទៅ។
អគ្គនាយកគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ក្នុងករណីរកឃើញបទល្មើស ត្រូវឃាត់ទុកនិងបន្តនីតិវិធីជាធរមានសម្រាប់ទំនិញល្មើស។ ដោយឡែក ចំពោះទំនិញផ្សេងទៀត ដែលស្របតាមការប្រកាស ត្រូវសម្រួលជាអតិបរមាដល់ធុរជនក្នុងការយកទំនិញទៅបម្រើខ្សែច្រវាក់ផលិតកម្ម។ នេះបើយោងតាមលិខិតរបស់លោក គុណ ញឹម។
គួររម្លឹកថា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា មក, រដ្ឋាភិបាល បានចាត់វិធានការជាបន្តបន្ទាប់ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រភពទំនិញ។ ក្នុងនោះ កម្ពុជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ជាប្រធាន។
លើសពីនេះ, រដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្ក្រាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំ ចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងនោះ រដ្ឋាភិបាល បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិន បរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម។
បច្ចុប្បន្ន កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយ បដិការ (Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាម៉េរិក នៅសប្តាហ៍ក្រោយនេះ៕