ក្រសួងអប់រំ ជ្រើសរើសយុវជន១៦នាក់ ចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន​លើក​ទី៤៩
ចែករំលែក

ភ្នំពេញ៖ ក្រសួងអប់រំ ​ប្រកាស​រើស​យុវជនប្រតិភូយុវជនចំនួន ១៦រូបចូលរូម​កម្មវិធី​នាវា​យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩(The Ship for Southeast Asian and Japanese Youth Program – SSEAYP)។ កម្មវិធីនេះ ​មានរយៈប្រមាណ១ខែ គឺចាប់ផ្តើមពី​ថ្ងៃទី១៥ ខែ​មករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ២០២៦ ដោយ​ចូល​ចតប្រទេសគោល​ដៅចំនួន៣គឺជប៉ុន សិង្ហបុរី និងថៃ។

បើតាមការផ្សាយរបស់ក្រសួងអប់រំ ក្នុងកម្មវីធី SSEAYPនេះ មានពិភាក្សាប្រធានបទ​ធំ​ៗ​ចំនួន៦​ មានការអប់រំប្រកបដោយគុណភាព, កំណើនសេដ្ឋកិច្ច ទេសចរណ៍ដែលមាន ចីរភាព និងមានទំនួលខុសត្រូវ, បរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ, ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ និងការស្តារឡើងវិញ, សុខុមាលភាពសង្គម និង​បរិយាបន្ន និងសង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត។

លក្ខខណ្ឌដាក់ពាក្យបាន គឺយុវជនត្រូវមានអាយុចន្លោះ ១៨-៣៦ឆ្នាំ មានចំណេះដឹងភាសា​អង់​គ្លេសល្អ, រួមទាំងចំណេះដឹងជ្រៅជ្រះទាកទងអាស៊ាន និងជប៉ុន និងមានសុខភាព​ល្អ​ទាំង​កាយ និងចិត្ត។ ​យុវជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចូលរួម​ក្នុងកម្មវិធីពី​ថ្ងៃនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់​មិត្តភាព និងការយោគយល់គ្នារវាងយុវជននៃប្រទេសជប៉ុន និងប្រទេសអាស៊ីអាគ្នេយ៍ទាំង​១០ ដើម្បីពង្រីកទស្សនៈយុវជនអំពីពិភពលោក ក៏ដូច​ពង្រឹងស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និងជំនាញជាក់ស្ដែងសម្រាប់កិច្ចសហប្រតិបត្តិកា​រ​អន្តរជាតិ​៕

ព័ត៌មានថ្មីៗ