អាស៊ាន ប្តេជ្ញាឈររួមគ្នា នៅចំពោះមុខការគំរាមកំហែងពន្ធគយ
ចែករំលែក

មេដឹកនាំអាស៊ាន បានប្តេជ្ញារួមសាមគ្គីតែមួយ នៅក្នុងបរិបទពាណិជ្ជកម្មពិភពលោក កំពុងមានភាពមិនច្បាស់លាស់ និងរងការគំរាមកំហែងផ្នែកពន្ធគយ។ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ជុំវិញភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ដែលចេញនៅថ្ងៃទី២៨ ខែឧសភា បានបញ្ជាក់បែបនេះ។ 


ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែឧសភា បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន ក្នុងការឆ្លើយតបភាពមិនប្រាកដប្រជាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ អាស៊ាន ប្តេជ្ញាឈរនៅជាមួយគ្នា ដើម្បីទប់នឹងការគំរាមកំហែងពន្ធគយ និងសកម្មភាពឯកតោភាគី។ 

«យើងសង្កត់ធ្ងន់ពីការសម្រេចចិត្តដ៏ខ្លាំងក្លា ដើម្បីបង្ហាញជំហររួមគ្នា ក្នុងនាមជាអាស៊ាន ក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចតំបន់, ការងើបឡើងវិញ និងកំណើនរយៈពេលវែង»។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ។ 

ដោយមិនបានសំដៅដល់ប្រទេសណាមួយ អាស៊ាន បានបញ្ជាក់ពីការកើនឡើងនៃសកម្មភាពឯកតោភាគី ពាក់ព័ន្ធនឹងពន្ធគយ និងការរឹតត្បិតលើការវិនិយោគ រួមទាំងកំណើនការបាក់បែកជាសកល។ បើតាមអាស៊ាន សកម្មភាពឯកតោភាគី និងការសងសឹកផ្នែកពាណិជ្ជកម្ម នឹងជះឥទ្ធិពលជាអវិជ្ជមានដល់អាស៊ាន។ 

ស្របពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល អាស៊ាន បានប្តេជ្ញាពង្រឹងការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់, ធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រួមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដូចជា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ 

សូមបញ្ជាក់ថា អាស៊ានជាតំបន់មួយ ដែលបានរងពន្ធគយបដិការពីសំណាក់អាម៉េរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ពី១០ភាគរយ ដល់៤៩ភាគរយ។ ពេលនេះ បណ្តាប្រទេសអាស៊ាន កំពុងចរចាជាមួយអាម៉េរិក ស្របពេលពន្ធគយ ត្រូវបានផ្អាករយៈពេល ៩០ថ្ងៃ៕

ព័ត៌មានថ្មីៗ