ទោះមិននៅក្នុងប្រទេស តែសម្ដេច ហ៊ុន ម៉ាណែត ក្ដាប់ស្ថានការណ៍ និងឱ្យមានការចល័តទ័ពតាមផែនការបម្រុង
ចែករំលែក

ភ្នំពេញ៖ ពីនាយសមុទ្រនៃប្រទេសជប៉ុន សម្ដេច ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងព្រឹកព្រលឹម ត្រូវនឹងម៉ោង៦ព្រឹក នៅកម្ពុជា ពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែន នៅម្ដុំមុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា។ 

ទោះមិននៅក្នុងប្រទេស តែសម្ដេច ហ៊ុន ម៉ាណែត ក្ដាប់ស្ថានការណ៍ និងឱ្យមានការចល័តទ័ពតាមផែនការបម្រុង។ នេះជាចម្លើយរបស់សម្ដេចនាយករដ្ឋមន្រ្តី ឆ្លើយតបការព្រួយបារម្ភ ជាមួយនឹងភាពស្រពិចស្រពិល អំពីស្ថានភាពនៅព្រំដែន ខណៈសម្ដេច មិនបាននៅក្នុងប្រទេស។

សម្ដេច ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកផ្លូវការ ដោយភ្ជាប់ជាមួយរូបថតពាក់ឯកសណ្ឋានយោធា ចំនួន២សន្លឹក នៅថ្ងៃទី២៩ ឧសភា ដូច្នេះ៖«ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល»។ 

សម្ដេច ហ៊ុន ម៉ាណែត ទទួលរបាយការណ៍ និងតាមដានជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិជាប្រចាំចំពីស្ថានភាពនៅតំបន់ព្រំដែន ដែលមានការប៉ះទង្គិចគ្នានេះ។ «រាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីសម្ដេច រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។ 

បើតាមសម្ដេច ហ៊ុន ម៉ាណែត ការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយ ដែលអាចកើតឡើង។

«ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។ សម្ដេចនាយករដ្ឋមន្រ្តី បន្ថែម។ 

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ជាថ្មីថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយទេ ហើយកម្ពុជាចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ 

ជាមួយគ្នានេះ សម្ដេច ក៏បានអំពាវនាវឱ្យមហាជនកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយមិនមានប្រភពច្បាស់លាស់។ «ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។ សម្ដេចធិបតី បន្ថែម៕

ព័ត៌មានថ្មីៗ