ស្របពេលកំពុងបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនដល់ក្រុមគ្រួសាររបស់ព្រឹន្ធបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិតក្នុងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងសាររំលែកទុក្ខចុះថ្ងៃទី ២៨ ខែ ឧសភា សម្ដេច ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខ និងចាត់ទុក្ខការបាត់បង់ជីវិតរបស់ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានពលិកម្មគ្រប់យ៉ាងដើម្បីបុព្វហេតុ។
សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ៖ « ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ ជាពិសេស លោកបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា»។
គួរបញ្ជាក់ថា ព្រឹន្ទបាលឯក សួន រ៉ោន បានបាត់បង់ជីវិតក្នុងអាយុ៤៧ឆ្នាំ ក្នុងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលព្រឹកថ្ងៃទី២៨ ខែឧសភា។ បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់ បាននោះទេ ហើយភាគីនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត៕