ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន ២៦ ដែលភាគច្រើន ទៅឱ្យគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣) ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភានេះ សេចក្តីព្រាងច្បាប់ទាំង២៤ ក្នុងចំណោមនោះ គឺពាក់ព័ន្ធនឹងការធានាទូទាត់របស់រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុនដែលវិនិយោគលើស្ថានីយផលិតថាមពលអគ្គិសនី ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពី២២ ខែឧសភាកន្លងទៅ។
ចំណែកសេចក្តីព្រាងច្បាប់២ទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ស្តីពី ជលផល។ សេចក្តីព្រាងច្បាប់ទាំង២នេះ ក៏ត្រូវបាន រដ្ឋសភាអនុម័ត កាលពី២២ ខែឧសភាកន្លងទៅដែរ៕