៤០នាទីម្តង មានពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយសារមហារីក, តួលេខ ដែលគ្រប់គ្នាមិនត្រូវនៅស្ងៀមឡើយ
ចែករំលែក

«ពលរដ្ឋខ្មែរ ម្នាក់ស្លាប់រៀងរាល់៤០នាទីម្តងដោយសារជំងឺមហារីក»។ ទិន្នន័យក្នុងរបាយការណ៍ ដែលប្រកាសដោយក្រសួងសុខាភិបាល កាលពីពេល ថ្មីៗកន្លងមកនេះ បង្ហាញឱ្យឃើញថា សុខុមាលភាពសាធារណៈកំពុង រងការគំរាម កំហែ ងខ្លាំងពីជំងឺមហារីក ដែលមិនឆ្លង តែកាចសាហាវ។

នៅឆ្នាំ ២០៥០ ករណី អ្នកកើតជំងឺ មហារីកថ្មីនៅទូទាំងពិភពលោក អាចកើន ដល់ ៧៧ភាគរយ បើប្រៀបធៀប នឹង ឆ្នាំ២០២២ ពោល គឺ កើនពី ២០លាននាក់ ដល់ លើស ៣៥លាននាក់ ក្នុងអំឡុងពេល២៨ឆ្នាំ។ ខណៈប្រទេសអភិវឌ្ឍមានធនធាន និងលទ្ធភាពតាមដាន និងកំណត់ការកើតជំងឺមហារីកបានឆាប់រហ័ស ប្រទេសអភិវឌ្ឍតិចតួចមិនមានលទ្ធភាពបែបនេះដើម្បីទប់ស្កាត់បញ្ហាកំណើនអ្នកកើតជំងឺមហារីកបាននោះឡើយ។

មិនខុសពីបណ្តាប្រទេសតតីយលោកដទៃទៀតដែរ ជំងឺមហារីកនេះក៏កំពុងក្លាយជាបញ្ហាប្រឈមថ្មី ដែលរារាំងដល់ការអភិវឌ្ឍ និងជាបន្ទុកសម្រាប់រដ្ឋាភិបាលកម្ពុជាដែរ។  បើតាមរដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា ពលរដ្ឋខ្មែរដែលកើតជំងឺមហារីកថ្មីមានចំនួនប្រមាណ២ម៉ឺនករណី ហើយចំនួនអ្នកស្លាប់ពីជំងឺនេះមានប្រហែលប្រមាណ១ម៉ឺន ៤ពាន់នាក់ក្នុងមួយឆ្នាំៗដែលតួលេខនេះមានកម្រិតខ្ពស់។

មហារីក ថ្លើមនាំមុខគេ ខណៈស្រ្តីប្រឈមខ្ពស់ នឹង មហារីកសុដន់ មាត់ស្បូន

ងាកទៅមើលប្រភេទជំងឺមហារីកវិញ មហារីកថ្លើមមាន ករណីច្រើន ជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដោយកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺ ជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែល ឈរ ជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀន ធំ និងសួត។  បើតាមអង្គការសុខភាពពិភពលោក ទោះគ្មាន ការស្រាវជ្រាវវិទ្យាសាស្ត្រណាមួយដែលបង្ហាញឱ្យឃើញពីដើមចមជាក់លាក់នៃជំងឺមហារីកក្តី វាមានកត្តាហានិភ័យដែលនាំឱ្យមានកំណើនអ្នកកើតជំងឺមហារីកនេះ។ កត្តាចម្បងគឺ គ្រឿងស្រវឹង បារី ការធាត់លើសទម្ងន់ រួមជាមួយការបំពុលខ្យល់ជាដើម ដែលសុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរបៀបរបបនៃជីវភាពរស់នៅរបស់យើងរាល់គ្នា។

មានការព្យាកររួចជាស្រេចទៅហើយថា ចំនួនអ្នកកើត និងស្លាប់ដោយសារជំងឺមិនឆ្លងតែកាចសាហាវនេះ។ បើតាមរដ្ឋមន្ត្រីសុខាភិបាល បើសិនជាគ្មានចំណាត់ការត្រឹមត្រូវ ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ២១ម៉ឺននាក់ទាំងក្មេង ទាំងចាស់ ក្នុងមួយរយៈពេល១៥ឆ្នាំទៀត។ របាយការណ៍ក្រសួង បង្ហាញត្រឹមតែការព្យាករពីចំនួនអ្នកស្លាប់ ប៉ុន្តែមិនទាន់មានឡើយការវាយតម្លៃពីផលប៉ះពាល់នៃជំងឺនេះចំពោះសង្គម និងសេដ្ឋកិច្ច។ ពិតហើយ ផលប៉ះពាល់ដោយសារកំណើនអ្នកកើតមហារីកពិតជានឹងមានភាពធំធេង និងពិបាកវាស់ស្ទង់ឱ្យបានជាក់លាក់ជាក់ជាមិនខាន។

យ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់យ៉ាងខ្ពស់ដោយសារមហារីកនៅកម្ពុជាអាចបណ្តាលមកពីមូលហេតុច្រើន មិនខុសពីសង្គមផ្សេងទៀតទេ។ ប៉ុន្តែចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីក និងលទ្ធភាពធ្វើរោគវិនិច្ឆ័យឱ្យបានលឿនដើម្បីបញ្ចៀសកុំឱ្យជំងឺវិវត្តទៅធ្ងន់ធ្ងរជារឿងសំខាន់ដែលអាចរួមចំណែកកាត់បន្ថយចំនួននៃការស្លាប់។ ពិតហើយ អ្នកជំងឺមហារីកនៅកម្ពុជារហូតដល់៧០ភាគរយឯណោះ ដែលទើបរកឃើញថា ខ្លួនមានជំងឺមហារីកនៅពេលដែលគេសម្រេចចិត្តធ្វើរោគវិនិច្ឆ័យ ប៉ុន្តែស្ថិតនៅដំណាក់កាលចុងក្រោយ។  

ខណៈចំនួនអ្នកកើត និងស្លាប់ដោយសារមហារីកមានកម្រិតខ្ពស់ ទិន្នន័យខាងលើនេះមិនទាន់អាចឆ្លុះបញ្ចាំងពីបញ្ហាទាំងស្រុងឱ្យបានសុក្រឹតនៅឡើយទេ។ ការស្រាវជ្រាវនេះមិនទាន់ត្រូវបានរៀបចំឡើងស្រួលបួល និងពេញលេញនៅឡើយ ដែលវាជាចំណុចខ្វះខាតដែលត្រូវបានទទួលស្គាល់ពីសំណាក់រដ្ឋមន្ត្រីសុខាភិបាល។ យ៉ាងហោចណាស់ វាក៏បានចង្អុលបង្ហាញថា ករណីជំងឺមហារីកនេះទាមទារការយកចិត្តទុកដាក់ខ្លាំង និង ចំណាត់ការដែលមានប្រសិទ្ធភាព។

តើកម្ពុជាត្រូវធ្វើបែបណាដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក?

ប្រាកដណាស់ថា ការដោះស្រាយ និងប្រយុទ្ធប្រឆាំងជំងឺមហារីកនឹងក្លាយជាបញ្ហាដ៏ស្មុគ្រស្មាញ និងវិញ្ញាសាដ៏លំបាកសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ការដាក់ចេញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ បានបង្ហាញរួចទៅហើយពីការប្រមើលមើលឃើញពីផលប៉ះពាល់ ក៏ដូចការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមថ្មីនេះដែរ។ យុទ្ធសាស្ត្រថ្មីនេះនឹងមានចំណែកជួយគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធក្នុងការដាក់ចេញវិធានការត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ការឆ្លើយតប ក៏ដូចជាធានាថា ជំងឺមហារីកត្រូវបានទប់ស្កាត់។ យន្តការច្រើនក្នុងយុទ្ធសាស្ត្រនេះផ្តោតលើការ ថែទាំ និងព្យាបាល។ 

ដោយហេតុថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច ការប្រឈមនឹងបញ្ហាខ្សត់ធនធានហិរញ្ញវត្ថុ និងកង្វះបច្ចេកទេស និងបច្ចេកវិទ្យា ពិតជាបង្កការលំបាកក្នុងការឆ្លើយតបនឹងបញ្ហាសុខុមាលភាពសាធារណៈដូចជាជំងឺមហារីកនេះ។ ដូច្នេះហើយ អ្វីដែលជារឿងអាទិភាពបំផុតគឺ កម្ពុជាចាំបាច់ត្រូវផ្តោតសំខាន់លើការទប់ស្កាត់ និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធដែលជំរុញបានការវិនិច្ឆ័យរោគដើម្បីស្វែងរកជំងឺមហារីកឱ្យបានលឿន។

មួយផ្នែកនៃការទប់ស្កាត់កត្តាបង្កជំងឺមហារីក រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការយកចិត្តទុកដាក់លើការកាត់បន្ថយការការប្រើប្រាស់គ្រឿងស្រវឹង។ វាទាមទារឱ្យមានការបន្តចំណាត់ការគ្រឿងស្រវឹង ជាពិសេសកំណត់អាយុជាក់លាក់សម្រាប់ការបរិភោគគ្រឿងស្រវឹងតាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផល គ្រឿងស្រវឹងដែលមានស្រាប់។ អាជ្ញាធររដ្ឋក៏អាចបន្តយុទ្ធនាការអប់រំឱ្យពលរដ្ឋពីផលបច្ច័យអវិជ្ជមាននៃគ្រឿងស្រវឹង និងជំរុញឱ្យមានកាត់បន្ថយការបរិភោគគ្រឿងស្រវឹងក្នុងជីវភាពប្រចាំថ្ងៃជាដើម។  

ក្រៅពីគ្រឿងស្រវឹង ការកើនឡើងនៃអ្នកប្រើប្រាស់ថ្នាំជក់ ទោះជាការជក់បារីធម្មតា ឬបារីអេឡិចត្រូនិចក្តី ក៏នៅតែជាបញ្ហាជាពិសេសក្នុងចំណោមយុវវ័យ។ ដូច្នេះការអនុវត្តច្បាប់ និងគោលនយោបាយឱ្យបានតឹងរ៉ឹងក្នុងការគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់នឹងមានចំណែកសំខាន់បង្ខំឱ្យអ្នកប្រើប្រាស់ផ្តាច់ ឬបន្ថយការជក់បារីជាពិសេសក្នុងចំណោមយុវវ័យជំនាន់ក្រោយ។  

ងាកទៅមើលរបៀបរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជនវិញជាពិសេសការបរិភោគចំណីអាហារដែលមានផលប៉ះពាល់ដល់សុខភាព។ ថ្វីបើបញ្ហធាត់លើសទម្ងន់នៅកម្ពុជាមិនទាន់ក្លាយជាវិបត្តិក៏ដោយ ប៉ុន្តែការបរិភោគចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមីខ្ពស់កំពុងបំផ្លាញសុខភាពប្រជាជននៅឡើយ។ ដូច្នេះហើយ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចចាំបាច់ត្រូវដោះស្រាយបញ្ហាសុវត្ថិភាពចំណីឱ្យខាងតែបាន ដើម្បីធានាសុខុមាលភាពសាធារណៈជាពិសេសបញ្ចៀសការកើតជំងឺមិនឆ្លង។  ពង្រឹងការគ្រប់គ្រងចំណីអាហារ ជារឿងដែលយើងគួរឱ្យសាទរ ប៉ុន្តែចាំបាច់ត្រូវបន្តតាមដាននោះ គឺ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងចំណីអាហារនាំចូលមាន ត្រី សាច់ បន្លែ ផ្លែឈើ ចំណីអាហារខូចគុណភាពឱ្យតឹងរ៉ឹង។ សម្តេច ប្រកាសបែបនេះ ក្នុងពេលប្រកាស ដាក់ឱ្យអនុវត្ត ផ្លូវការ «ផែន ការជាតិ ប្រយុទ្ធ នឹងជំងឺមហារីក២០២៥-២០៣០»។ សំណុំរឿងសុវត្ថិភាពចំណីអាហារនៅតែជាកង្វល់ដ៏ធំរបស់ពលរដ្ឋកម្ពុជាជាយូរណាស់មកហើយ។ ទោះមានគោលនយោបាយគិតគូរពីសុវត្ថិភាពចំណីអាហារក៏ពិតមែន ការបន្តនាំចូលទំនិញខូចគុណភាព និងមានសាធាតុគីមីពីប្រទេសជិតខាងដោយខុសច្បាប់ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវនៅតែបន្តកើតមានឡើង ដោយសារភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់។ ដូច្នេះហើយ ការចាប់ផ្តើមរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ទប់ស្កាត់ចំណីអាហារមានផ្ទុកសារធាតុគីមី និងខូចគុណភាព ហើយងាកទៅប្រឹងជំរុញការផលិតចំណីអាហារនិងដាំដុះក្នុងស្រុក គឺជាគន្លឹះតែមួយគត់ក្នុងការធានាសុវត្ថិភាពចំណីអាហារ និងប្រឆាំងនឹងជំងឺមហារីក។

មួយទៀត សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាប្រឈមនឹងបញ្ហាថ្មីមួយដោយសារការរីកចម្រើន និងការធ្វើនគរូបនីយកម្មយ៉ាងរហ័សខ្វះការព្រាងទុកត្រឹមត្រូវ។ ផលបច្ច័យអវិជ្ជមានមួយដ៏ធំដែលកើតចេញនិន្នាការនេះ គឺការបំពុលខ្យល់។ តាមពិតទៅ កំណើននៃការបំពុលខ្យល់កើតឡើងដោយសារកត្តាជាច្រើនជាពិសេសបញ្ហានៅក្នុងវិស័យដឹកជញ្ជូន វិស័យកសិកម្ម និងវិស័យសំណង់ជាដើម។ ការបំពុលខ្យល់នេះបង្កផលប៉ះពាល់មានរយៈពេលវែង និងរយៈពេលខ្លី។ បើនិយាយដល់ផលប៉ះពាល់រយៈពេលវែង វាអាចបង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដូចជាមហារីកសួត ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ក៏ដូចជាករណីស្លាប់មុនអាយុជាដើម។ 

មានច្បាប់ និងគោលនយោបាយតែមួយមុខមិនគ្រប់គ្រាន់ទេក្នុងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ។ វាចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាជនទូទៅ តាមរយៈការបញ្ជៀបចំណេះដឹងដែលត្រឹមត្រូវ និងជាក់លាក់នៅតាមសហគមន៍នានា និងតាមសាលារៀនជាដើម។ នេះក៏ដោយសារ ជំងឺមហារីកមានច្រើនប្រភេទ ហើយចំណេះដឹងពីជំងឺនេះនឹងមានចំណែកជួយឱ្យពលរដ្ឋយើងមានលទ្ធភាពទប់ស្កាត់បានល្អប្រសើរ។

ឧទាហរណ៍ ជំងឺមហារីកមាត់ស្បូនអាចបញ្ចៀសបានដោយសារការចាក់វ៉ាក់សាំងបង្ការ។ ឯជំងឺមហារីកខ្លះទៀតអាចព្យាបាលបាន បើសិនជាយើងចេះដឹងពីការត្រួតពិនិត្យរោគវិនិច្ឆ័យបានទាន់ពេល និងស្វែងរកជំនួយបានលឿន។ អ្វីដែលសំខាន់ មហារីកភាគច្រើនអាចកើតមានដោយសារកត្តាហានិភ័យរួមផ្សំ ដែលសុទ្ធសឹងតែអាចកាត់បន្ថយបាន តាមរយៈការកែប្រែឥរិយាបថក្នុងការរស់នៅនិងហូបចុក។ ចំណេះដឹងពីជំងឺមហារីក ក៏អាចជួយឱ្យអ្នកកើតជំងឺ មានលទ្ធភាពត្រៀមខ្លួនឆ្លើយតប និងចៀសបានការបាក់ទឹកចិត្ត ឬបាត់បង់ស្មារតី ដែលវាជាកត្តារួមផ្សំដ៏សំខាន់ដែលធ្វើមានជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយជំងឺនេះ។

ដូច្នេះហើយ រដ្ឋាភិបាលមានភារកិច្ចក្នុងការជំរុញឱ្យប្រជាពលរដ្ឋជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលឱ្យស្វែងរកការពិនិត្យស្វែងរកជំងឺមហារីកបានលឿន ធានាបានការព្យាបាលឆាប់រហ័ស និងទប់ស្កាត់មិនឱ្យជំងឺ វិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត ហើយស្វែងរកសេវាត្រួតពិនិត្យទាន់ពេល វាទាមទារឱ្យមានការយកចិត្តទុកដាក់លើការកែលំអប្រព័ន្ធសុខាភិបាលតាមមណ្ឌលសុខភាពតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីធានាបានថា ប្រជាជនទាំងអស់នោះអាចទទួលបានការវិនិច្ឆ័យរោគបានលឿន និងដើម្បីទទួលបានការថែទាំ ឬព្យាបាលអ្នកជំងឺមហារីក។

បន្ទាប់ពីការលើកកម្ពស់ចំណេះដឹង រដ្ឋាភិបាលក៏ចាំបាច់បន្តកៀគររកទុនវិនិយោគសម្រាប់ការអភិវឌ្ឍសមត្ថភាព និងមធ្យោបាយក្នុងការព្យាបាលជំងឺមហារីក ដ្បិតវាជាដំណោះស្រាយរយៈពេលវែង។ ការព្យាបាលជំងឺមហារីកមានតម្លៃថ្លៃ ទោះជាក្នុងប្រទេសអភិវឌ្ឍដែលពលរដ្ឋម្នាក់ៗទទួលបាន ករឧបត្ថម្ភពីរដ្ឋច្រើនក្តី ក៏នៅត្អូញត្អែពីបញ្ហាអលទ្ធភាពក្នុងការចាយវាយលើការព្យាបាលជំងឺដ៏កាចសាហាវនេះដែរ។ ដូច្នេះហើយ រាល់ចំណាត់ការ និងការវិនិយោគពីរដ្ឋលើវិស័យសុខាភិបាលជាពិសេសនៅតាមសហគមន៍នឹងមានចំណែកជួយបង្កើនទំនុកចិត្ត កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងជួយគាំពារឱ្យបាននូវសុខុមាលភាពសាធារណៈមួយដែលល្អប្រសើរ។

ដើម្បីជំរុញដល់ការផ្សព្វផ្សាយ និងគាំទ្រដល់ការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រប្រឆាំងជំងឺមហារីក ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងស្រុកក៏មានចំណែកក្នុងការជួយលើកកម្ពស់ការបញ្ជៀបចំណេះដឹងនានាពាក់ព័ន្ធនឹងជំងឺមហារីកដល់សាធារណជនដែរ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនឹងក្លាយជាវិញ្ញាសារដ៏ស្មុគស្មាញសម្រាប់កម្ពុជា ប៉ុន្តែវានឹងអាចទៅរួច បើសិនយើងចូលរួមទាំងអស់គ្នា។  

សរុបមកវិញ ដូចរដ្ឋមន្ត្រីសុខាភិបាលបានបញ្ជាក់ស្រាប់ «ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់» សម្រាប់រាល់បុគ្គលដែលជួបប្រទះបញ្ហានេះ។ ប៉ុន្តែការកើតជំងឺនេះ មិនអាចសម្លាប់ក្តីសង្ឃឹមទាំងស្រុងបានទេ។ ខណៈដែលគ្រូពេទ្យ អាចមានត្រឹមតួនាទីជា «មធ្យោបាយព្យាបាលថែទាំ» អ្នកពាក់ព័ន្ធផ្សេងទៀតនឹងក្លាយជាតួអង្គសំខាន់ចូលរួមជួយកាត់បន្ថយហានិភ័យ ជាពិសេសលើកទឹកចិត្តដើម្បី«កែប្រែសំណាងអាក្រក់នេះឱ្យទៅជាសេចក្តីសង្ឃឹម»៕

ព័ត៌មានថ្មីៗ