យុវជន​​ស្ម័គ្រ​ចិត្ត​មក​ពី​២៥រាជធានី-​ខេត្ត​ ​ត្រៀម​ខ្លួនសម្រាប់​ផ្លាស់​ប្តូរ​សហគមន៍ពួកគេ
ចែករំលែក

សៀមរាប៖ យុវជនស្ម័គ្រចិត្តមកពី២៥រាជធានី-ខេត្ត បានមកជួបជុំគ្នា ដើម្បីពង្រឹងជំនាញ ចំណេះដឹង តាមរយៈកម្មវិធីការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ។ មកពីតំបន់ផ្សេងគ្នា តែពួកគេចែករំលែកបេសកកម្មរួម គឺចូលរួមផ្លាស់ប្ដូរ និងដោះស្រាយបញ្ហាសហគមន៍ របស់ពួកគេ។

ពីតំបន់ភ្នំ មកកាន់តំបន់ខ្ពង់រាប យុវជនជុំវិញ២៥រាជធានី-ខេត្ត ជាង៦០០នាក់ បាននាំគ្នាចូលរួមកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» (ស.ស.ខ) ឬ «Volunteer for My Community» (VMC)។ កម្មវិធី ស.ស.ខ បង្កើតឡើងដើម្បីបង្កើតឱកាសយុវជនតាមមូលដ្ឋានស្វែងរក និងផ្ដួចផ្ដើមគម្រោងថ្មីៗ ដើម្បីចូលរួមនៅក្នុងការកសាង និងអភិវឌ្ឍន៍សហគមន៍ ដែលពួកគេកំពុងរស់នៅ ក៏ដូចជាកសាងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់ការងារនាពេលអនាគត។

ការអប់រំសម្រាប់ក្មេងស្រី, បញ្ហាបរិស្ថាន, ការរៀបការក្មេងវ័យ...ជាបញ្ហាដែលយុវជនទាំងនោះបានលើកឡើង និងជាអ្វីដែលពួកគេមើលឃើញ និងចង់ចូលរួមចំណែកក្នុងការដោះស្រាយ។ «ខ្ញុំចង់ឃើញសហគមន៍របស់ខ្ញុំផ្លាស់ប្ដូរផ្នត់គំនិត»។ នេះជាការលើកឡើងរបស់យុវតីមកពីភាគឦសាន កញ្ញា បេង ហួន មុនបន្ថែមថា៖«ខ្ញុំចង់ឱ្យពួកគាត់ផ្លាស់ប្ដូរផ្នត់គំនិត ដោយកូនស្រីអាចរៀនខ្ពស់ដូចកូនប្រុស និង[បញ្ឈប់]ការឱ្យកូនរៀបការទាំងវ័យក្មេង»។ 

ជាជនជាតិដើមភាគតិចកាវ៉ែត សិស្សថ្នាក់ទី១១ នៃវិទ្យាល័យវីរៈជ័យ ហួន សង្ឃឹមថាចំណេះដឹង ដែលខ្លួនបានទទួលពីវគ្គបណ្ដុះបណ្ដាលនេះ នឹងអាចចូលរួមផ្ដល់សិទ្ធិអំណាចបន្ថែមសម្រាប់ស្ត្រីក្នុងសហគមន៍របស់ខ្លួន។ អំណាច ក្នុងការរៀនសូត្រខ្ពង់ខ្ពស់,​ អំណាចក្នុងការសម្រេចចិត្ត ភាពជាម្ចាស់លើខ្លួនឯង និងអំណាចក្នុងការចូលរួមកិច្ចការសហគមន៍។ 

មកពីតំបន់ខ្ពង់រាប ស្រុកចំការលើ ខេត្តកំពង់ចាម យុវជន នី ប្រុសពេជ្រ ចូលរួមកម្មវធីបណ្ដុះបណ្ដាលនេះ ដើម្បីចូលរួមចំណែកក្នុងការជំរុញការអប់រំ សម្រាប់សិស្សរៀនខ្សោយ និងសិស្សក្រីក្រ ដើម្បីឱ្យពួកគេទទួលបានឱកាសដូចសិស្សឯទៀត និងរៀនទាន់សិស្សឯទៀតផងដែរ។ 

ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ស្ពឺ យុវសិស្ស នី ប្រុសពេជ្រ បន្ថែមថា៖ «គោលបំណងរបស់ខ្ញុំចូលរួមកម្មវិធីនេះ គឺខ្ញុំចង់ប្រើជីវិតវិទ្យាល័យរបស់ខ្ញុំឱ្យមានន័យ តាមរយៈការជួយសាលារបស់ខ្ញុំ និងសហគមន៍»។ 

បញ្ហាបរិស្ថានក្នុងសាលា ក៏ត្រូវបានយុវជនលើកមកជជែកផងដែរ ក្នុងកម្មវីធីនេះ។ វ័យ១៥ឆ្នាំ មកពីតំបន់ជាប់មាត់សមុទ្រ ខេត្តកំពត យុវតី ថូ គីមឡេង ចង់ឱ្យសាលារៀនរបស់ខ្លួនផ្ដោតសំខាន់ទៅលើសោភ័ណភាពសាលា ជាពិសេសការរៀបចំសួនច្បារសាលាឡើងវិញ​ ការគ្រប់គ្រងសំណល់ និងការកែច្នៃសំណល់ឡើងវិញ។
 

សិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះបិតាជាតិ ក្នុងស្រុកកំពង់ត្រាច និយាយដូច្នេះ៖ «ខ្ញុំគិតថាក្រុមរបស់ពួកយើងមានតួនាទីសំខាន់មួយ ក្នុងការកៀរគរធនធាន និងយុវជនចូលរួម»។ 

គួររំឭកថា គម្រោងសហគមន៍របស់យុវជនស្ម័គ្រចិត្តរាជធានី-ខេត្ត ត្រូវផ្ដោតលើវិស័យធំៗចំនួន៨ រួមមានអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម ៤.០។ ការអនុវត្តគម្រោងនោះ ធ្វើឡើងក្រោមការសម្របសម្រួលពីមន្ត្រីទទួលបន្ទុក និងការប្រឹក្សាយោបល់ជាមួយអ្នកស្ម័គ្រចិត្តបង្គោលរាជធានី សហគមន៍ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការជ្រើសរើសវិស័យណាមួយ ដែលជាបញ្ហា ឬតម្រូវការអាទិភាព សម្រាប់ការរៀបចំសំណើឯកសារគម្រោង។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន លើកឡើងថា តម្លៃស្នូលនៃកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ជាកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន សហគមន៍ និងស្ថាប័ន តាមរយៈយន្តការការងារស្ម័គ្រចិត្ត។

 

លោក តាំង សុផាណារ័ត្ន សង្កត់ធ្ងន់ដូច្នេះ៖«យុវជនជាកម្លាំងស្នូល ប្រទេសជាតិអភិវឌ្ឍន៍បានគឺការចូលរួមរបស់យុវជន។ នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន រៀបចំកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍កាលពីឆ្នាំ២០១៩»។ 

ជាឆ្នាំទី៦ហើយ ដែលកម្មវិធីមួយនេះលេចរូបរាងឡើង និងការបណ្ដុះបណ្ដាលសមត្ថភាពយុវជនប្រមាណជាង ២ ០០០នាក់។ បើតាមប្រធាននាយកដ្ឋានរូបនេះ កម្មវិធីបានបង្កើនវិសាលភាពទាំងចំនួនយុវជន និងរាជធានី-ខេត្ត ទាំង២៥។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៩កម្មវធី ស.ស.ខ បានអនុវត្តក្នុងខេត្តចំនួន១២ ជាមួយនឹងយុវជនស្ម័គ្រចិត្តចំនួន ២១៥នាក់។ កើនដល់ ២៦១នាក់ នៅឆ្នាំ២០២០ មកពីខេត្តចំនួន ១៨។ 

មកដល់ឆ្នាំ២០២១ យុវជនស្ម័គ្រចិត្តកើនឡើងដល់ ៤១៥នាក់ និងបានអនុវត្តទាំង២៥រាជធានី-ខេត្ត បូកស្រុកកងមាស, ឆ្នាំ២០២២ មានយុវជនស្ម័គ្រចិត្ត ៤៣០នាក់, ២០២៣ មានយុវជនចូលរួម ៤១៥នាក់, ២០២៤ មានយុវជនចូលរួម ៤៣០នាក់ ខណៈឆ្នាំនេះមានយុវជនចូលរួមជាង ៦០០នាក់។ 

លោក តាំង សុផាណារ័ត្ន បញ្ជាក់បន្ថែមថាក្នុងដំណើរនៃកម្មវិធីនេះយុវជនស្ម័គ្រចិត្ត បន្ទាប់ពីត្រូវបានឆ្លងកាត់ការជ្រើសរើសហើយ ពួកគេនឹងត្រូវទទួលការបណ្ដុះបណ្ដាលលើជំនាញទន់ ជំនាញរឹង បច្ចេកវិទ្យាឌីជីថល និងជំនាញបច្ចេកទេសចាំបាច់សំខាន់ៗនានា។ 

លោក តាំង សុផាណារ័ត្ន បន្ថែមទៀតថា ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលយុវជនទាំងនោះ ត្រូវប្រើប្រាស់ចំណេះដឹង និងជំនាញ ដើម្បីកំណត់បញ្ហា ឬតម្រូវការពីសហគមន៍ ដោយសរសេរសំណើឯកសារគម្រោង ដើម្បីដោះស្រាយកែលម្អ បញ្ហាទាំងនោះ និងអនុវត្តគម្រោងរបស់ខ្លួន។ 

លោកបន្តទៀតថា ក្នុងចំណោមគម្រោងរបស់អ្នកស្ម័គ្រចិត្តទាំងអស់ កម្មវិធីនឹងជ្រើសរើសគម្រោងចំនួន៣ប្រចាំប្រទេស ដើម្បីវាយតម្លៃក្លាយជាម្ចាស់ជ័យលាភីគម្រោងឆ្នើម និងគម្រោងឆ្នើមរង ប្រចាំឆ្នាំនីមួយៗ។ គម្រោងឆ្នើម និងឆ្នើមរង នឹងទទួលបានថវិកាឧបត្ថម្ភ ពានជ័យលាភី និងមេដាយពីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះ អនុវត្តទៅបាន ដោយមានការចូលរួមពីអង្កការដៃគូក្រៅរដ្ឋាភិបាលជាច្រើនផ្សេងទៀត។ អង្គការ អេដ អេ អាកស្យុង​ ស្ថិតក្នុងចំណោមអង្គការផ្សេងទៀត បានចូលរួមជាកញ្ចប់ហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលជំនាញ សម្រាប់យុវជនស្ម័គ្រចិត្ត។ 

លោក វន សំភាស់​ នាយកប្រចាំប្រទេសនៃអង្គការអេដ អេ អាកស្យុង លើកឡើងថា ការចូលរួមរបស់ស្ថាប័នខ្លួននាពេលនេះ គឺបង្ហាញពីការចូលរួមចំណែកគាំទ្រសម្រាប់សាលារៀន ដើម្បីឱ្យគ្រឹះស្ថានសិក្សាឱ្យមានមេត្រីភាព គុណភាព ចំណេះជំនាញ និងបំណិនជីវិត តាមរយៈការបណ្ដុះបណ្ដាលយុវជន។ 

«អង្គការយើងជឿងថា ការចូលរួមស្ម័គ្រចិត្ត សម្រាប់ការអភិវឌ្ឍសហគមន៍ គ្រប់វិស័យ ទាំងអប់រំ​ សេដ្ឋកិច្ច បរិស្ថាន មានសារៈសំខាន់»។ នេះជាការលើកឡើងរបស់លោក សម្ផស្ស មុនបន្ថែមថា លោកក៏សង្ឃឹមថា ក្រោយបណ្ដុះបណ្ដាល យុវជននឹងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេ ជាមួយនឹងចំណេះជំនាញ​ និងការចូលរួមអភិវឌ្ឍន៍សហគមន៍របស់ពួកគេ៕

ព័ត៌មានថ្មីៗ