ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ផ្នែកបុរស ASEAN Mitsubishi Electric Cup ត្រូវបានប្តូរឈ្មោះទៅជា ASEAN Hyundai Cup វិញ។ ការប្តូរឈ្មោះនេះ ក្រោយពីមានការផ្លាស់ប្តូរដៃគូសហការឧបត្ថម្ភការប្រកួតជាមួយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរ៉េខាងត្បូង Hyundai នៅថ្ងៃទី២៦ ខែឧសភា។
ការប្រកាសធ្វើឡើង ពីសំណាក់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សាការតា ក្រោមវត្តមានរបស់លោក ខៀវ សាម៉េត ប្រធាន AFF និងតំណាងរបស់ក្រុមហ៊ុនសហការជាដៃគូឧបត្ថម្ភថ្មី។
ក្រុមហ៊ុនផលិតរថយន្តជាដៃគូសហការឧបត្ថម្ភថ្មី ក៏ចូលរួមឧបត្ថម្ភដល់ការប្រកួតពានរង្វាន់ចំនួន ៣ ផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ AFF រួមមាន Shopee Cup ពានរង្វាន់ក្លិបជើងខ្លាំងលំដាប់អាស៊ីអាគ្នេយ៍, MSIG Cup ពានរង្វាន់ក្រុមនារីតំបន់អាស៊ាន និងការប្រកួតបាល់ទាត់អាយុក្រោម ២៣ (ASEAN U23 Championship)។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរេខាងត្បូង Hyundai ក្លាយជាក្រុមហ៊ុនទី៤ ដែលបានឧបត្ថម្ភដល់ការប្រកួតបាល់ទាត់កម្រិតអាស៊ាន បន្ទាប់ពីក្រុមហ៊ុន Mitsubishi Electric, Suzuki និងក្រុមហ៊ុនស្រាបៀ Tiger។
គួររលឹកថា នៅការប្រកួតពានរង្វាន់ AFF ASEAN Cup ឆ្នាំ ២០២៤ កន្លងទៅ កម្ពុជាធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល A ដោយរកបានត្រឹមតែ ៤ពិន្ទុ ពីការប្រកួតចំនួន ៤លើក ឈ្នះ ១ ស្មើ ១ និងចាញ៉ពីប្រកួត។ ក្នុងពានរង្វាន់កម្រិតតំបន់ ក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២៤ ក្រុមរហស្សនាមគោព្រៃ មិនធ្លាប់បានឆ្លងផុតវគ្គចែកពូលឡើយ។
ការប្រកួត AFF ASEAN Cup ឆ្នាំ ២០២៤ ដដែលនោះ ក្រុមជម្រើសជាតិវៀតណាម ក្លាយជាជើងឯក ឆ្នាំ ២០២៤ និងលើកទី៣ ប្រចាំប្រវត្តិសាស្ត្ររបស់ពួកគេ បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិថៃ ជើងឯក ៧សម័យ លទ្ធផល ៥-៣ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រសរុបទាំងពីរជើងទៅមក៕