នាយករដ្ឋមន្រ្តីសិង្ហបុរី ជំរុញអាស៊ានកាត់បន្ថយពន្ធគយ ១០០ភាគរយ
ចែករំលែក

អាស៊ាន គួរតែសហការគ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីពង្រឹងកិច្ចខិតខំសមាហរណកម្មក្នុងតំបន់ រួមទាំងការកាត់បន្ថយពន្ធគយ ១០០ភាគរយ នៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់ខ្លួន។ លោក ឡរ៉ែន វង់ នាយករដ្ឋមន្រ្តីសិង្ហបុរី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែឧសភា ស្របពេលពិភពលោក កំពុងប្រឈមបញ្ហាពន្ធគយពីអាម៉េរិក។

ពាណិជ្ជកម្មសកល បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលមេដឹកនាំអាស៊ាន លើកទៅជជែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នៅទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី ស្របពេលអាម៉េរិក គំរាមដាក់ពន្ធគយដ៏ច្រើនសន្ធឹកលើបណ្តាប្រទេសផ្សេងៗ។ ជុំវិញបញ្ហានេះ លោក ឡរ៉ែន វង់ នាយករដ្ឋមន្រ្តីសិង្ហបុរី បានយល់ឃើញថា ពន្ធគយរបស់អាម៉េរិក បានធ្វើឱ្យប្រព័ន្ធពហុភាគីនិយមដើរថយក្រោយ ហើយប្រទេស ជាច្រើន កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងទ្វេភាគី ដែលធ្វើឱ្យប្រទេសមានអំណាចកាន់តែមានឥទ្ធិពល។ 

ស្របពេលពិភពលោកកំពុងស្ថិតក្នុងរបត់ថ្មី លោក វង់ បានស្នើអាស៊ាននូវគំនិតចំនួន ៣ ក្នុងនោះមានដូចជា ការចរចាជាមួយអាម៉េរិកក្នុងនាមអាស៊ានជារួម, ការធ្វើសមាហរណកម្មតំបន់ និងការកាត់បន្ថយពន្ធគយនៅក្នុងអាស៊ាន ឱ្យបាន១០០ភាគរយ។ 

«យើងនិយាយថា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន គឺឥតយកពន្ធលើទំនិញជាច្រើន ដែលវាជារឿងល្អ។ ហេតុអ្វីយើងមិនអាចមានតំបន់ឥតយកពន្ធគយ»។ លោក វង់ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចង្អៀត នៅថ្ងៃទី២៦ ខែឧសភា។ 

តំបន់ពាណិជ្ជកម្មសេរី (AFTA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ដើម្បីកាត់បន្ថយរបាំងពន្ធគយ និងរួមបញ្ចូលជាទីផ្សារអាស៊ានតែមួយ។ ទន្ទឹមនេះ អាស៊ានក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ (ATIGA) ដែលលុបបំបាត់ពន្ធគយលើទំនិញ ៩៨,៦ភាគរយ នៅក្នុងតំបន់។ 

មុនកិច្ចប្រជុំកំពូលនៅក្រុងគូឡាឡាំពូ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបញ្ចប់កិច្ចចរចា ក្នុងការអភិវឌ្ឍ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ដែលនឹងជួយសម្រួលដល់លំហូរទំនិញបន្ថែមទៀត ក្នុងតំបន់។

ក្រៅពីពន្ធគយ លោក វង់ បានជំរុញឱ្យអាស៊ានគិតគូររបាំងគ្មានពន្ធគយដូចជា លក្ខខណ្ឌការស្នើសុំអាជ្ញាប័ណ្ណ, នីតិវិធីគយដ៏ស្មុគស្មាញ រួមទាំងការពន្លឿនធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម។ មេដឹកនាំសិង្ហបុរី បានជំរុញឱ្យអាស៊ាន ពង្រឹងទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់ និងថ្មីៗផងដែរ ដើម្បីកាត់បន្ថយបញ្ហាប្រឈម។ 

ក្នុងកិច្ចប្រជុំលើកទី៤៦ អាស៊ានមានកិច្ចប្រជុំជាមួយក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិឈូងសមុទ្រ (GCC) ដែលជាការធ្វើបរិយាប័ន្នរបស់អង្គការតំបន់មួយនេះ ដើម្បីកុំឱ្យពឹងផ្អែកតែលើអាម៉េរិក។ ក្រុមប្រទេស GCC មានដូចជា បារ៉ែន, កូវ៉ែត, អូម៉ង់, កាតា, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម៕ 

ព័ត៌មានថ្មីៗ