ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំ«បុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក» លើកដំបូង រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅ ២ទីតាំងស្ថិតក្នុង ឃុំព្រះរំកិល ស្រុកបុរីអេកូទេសចរណ៍ព្រះរំកិល ខេត្តស្នឹងត្រែង រួមមានសហគមន៍អេកូទេចរណ៍ព្រះរំកិល និងអន្លង់ផ្សោតឈើទាល។
បើតាមការផ្សាយរបស់ក្រសួងទេសចរណ៍ ពិធីបុណ្យនេះមានរៀបចំ ៧ព្រឹត្តិការណ៍ធំ រួមមាន ពិធីសូត្រមន្តបុណ្យផ្សោតមេគង្គ, កម្មវិធីអុំទូកកៃយ៉ាក, ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់។
នៅក្នុងពិធំបុណ្យផ្សោតមេគង្គនេះ ក៏នឹងមានសកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនដែរ រួមមានការរត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ និងប្រណាំងទូកជាដើម។ ក្រៅពីនេះ ក៏មានរៀបចំនូវការបោះតង់ជំរំទេសចរណ៍ នៅលើកោះលន និងកោះទន្សាយ និងការធ្វើទស្សនកិច្ចស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ ដែលស្ថិតនៅ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ក៏ដូចជាទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។
បើតាមក្រសួងទេសចរណ៍ ការរៀបចំ«បុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក» លើកទី១ គឺដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា។ ពិសេសលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមអនាម័យបរិស្ថាន អភិរក្សធនធានធម្មជាតិ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសជាតិ និងអន្តជាតិបន្ថែមទៀត។
បន្ថែមពីនេះបុណ្យផ្សោតមេគង្គ ជាព្រឹត្តិការណ៍រួមចំណែកជំរុញការផ្សព្វផ្សាយ និងលើក កម្ពស់វិស័យទេសចរណ៍រដូវកាលបៃតង (Green season) ដែលរដូវកាលនេះ ចាប់ផ្តើមពីខែមេសា ដល់ខែតុលា ជាពេលដែលកម្ពុជាមានទេសភាពស្រស់ស្អាត និងធ្លាក់ភ្លៀង។
«រដូវកាលបៃតង» (Green Season) ជាយុទ្ធនាការដែលក្រសួងទេសចរណ៍ប្រើដើម្បីដាក់ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (Low Season) ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេច ហ៊ុន ម៉ាណែត ផងដែរ។ «រដូវកាលបៃតង» (Green Season) ចាប់ពីខែមេសា ដល់ខែតុលា ដែលមានទេសភាពស្រស់ស្អាត និងធ្លាក់ភ្លៀង៕