លោក Amorim សន្យាដឹកនាំ Man Utd ប្រសើរឡើវិញ ក្រោយឆ្លងកាត់ព្យុះភ្លៀងពេញមួយរដូវកាល
ចែករំលែក

ក្រុម Manchester United បញ្ចប់រដូវកាល ២០២៤​-២៥ ដោយយកឈ្នះក្រុម ​Aston Villa លទ្ធផល ២-០ នៅការប្រកួតសប្តាហ៍ចុងក្រោយក្របខណ្ឌ Premier League។ ក្រោយការប្រកួតនោះ លោក Ruben Amorim បានចេញមុខនិយាយចំពោះមុខអ្នកគាំទ្រ ដោយសន្យាថារឿងរ៉ាវល្អៗ នឹងកើតឡើងក្នុងពេលដ៏ឆាប់ ហើយអ្នកចាត់ការក្រុមរូបនេះ ក៏បានសុំទោសអ្នកគាំទ្រចំពោះលទ្ធផលមិនគាប់ប្រសើរពេញមួយរដូវកាលនេះ។

Man Utd បញ្ចប់ចំណាត់ថ្នាក់លេខ ១៥ ក្នុងតារាង Premier League ដោយរកបានពិន្ទុសរុបចំនួន ៤២ពិន្ទុ។ បិសាចក្រហមមិនទទួលបានពានអ្វីសោះ និងថែមទាំងគ្មានកៅអីអឺរ៉ុប ក្រោយចាញ់ Tottenham Hotspur ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។

ចាប់តាំងពីលោក Amorim ចូលកាន់តំណែងអ្នកចាត់ក្រុម ជំនួសលោក Erik ten Hag ដែលត្រូវក្លិបបណ្តេញចេញ ក្រុមបិសាចក្រហមរកបានជ័យជម្នះត្រឹមតែ ១៧លើកប៉ុណ្ណោះ ចំណោម ៤២ប្រកួត។ ចាញ់ការប្រកួតច្រើន ជាពិសេសក្នុងលីគកំពូលអង់គ្លេស រឿងនេះបានក្លាយជារដូវកាលដ៏អាក្រក់បំផុត និងជាប្រវត្តិសាស្ត្រអាក្រក់ថ្មីមួយនៅក្នុងក្លិបរហស្សនាមបិសាចក្រហម។

បុរសសញ្ជាតិព័រទុយហ្កាល់ ទាមទារឱ្យអ្នកគាំទ្ររក្សាគោលជំហរគាំទ្រ និងរួបរួមគ្នាជាមួយនឹងក្រុមកីឡាករ ដើម្បីជួយលើកតម្កើងក្រុមឱ្យទៅរកភាពខ្លាំងត្រឡប់មកវិញ នៅរដូវកាលក្រោយ។

លោក Amorim បាននិយាយដូច្នេះថា៖«ជាដំបូង ខ្ញុំចង់សុំទោសចំពោះរដូវកាលដ៏អាក្រក់មួយនេះ ខ្ញុំដឹងថាវាផ្តល់ការលំបាកដល់អ្នកគ្រប់គ្នា ដើម្បីបន្តគាំទ្រមកកាន់ពួកយើងនៅការប្រកួតជាច្រើន […] រដូវកាលនេះបានបញ្ចប់ហើយ។ កាលពី ៦ខែមុន នៅ ៣ប្រកួត ដំបូងរបស់ខ្ញុំជាមួយជ័យជម្នះ ២លើក និងស្មើ ១លើក ខ្ញុំធ្លាប់និយាយថាព្យុះភ្លៀងកំពុងតែខិតចូលមកដល់ ហើយថ្ងៃនេះបន្ទាប់ពីរដូវកាលក៏អាក្រក់ និងលំបាក ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាថា ថ្ងៃល្អ រឿងល្អនឹងមកដល់ក្នុងពេលដ៏ឆាប់។ គ្មានក្លិបណានៅលើពិភពលោកដែលអាចយកឈ្នះលើរឿងលំបាកគ្រប់កាលៈទេសៈ នោះគឺក្លិបរបស់យើង Manchester United Football Club។»។

បញ្ចប់រដូវកាលទាំងស្រុង Man Utd រកមិនបានពានរង្វាន់អ្វីមួយឡើយ ខុសពីរដូវកាលមុនពួកគេដណ្តើមបានពានរង្វាន់ FA Cup ដើម្បីជាស្ពាននាំឱ្យពួកគេបានចូលប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប Europa League។ ក្តីសង្ឃឺមលេងក្នុង UEFA Champions League របស់ Man Utd ក៏បានធ្លាក់ទៅក្នុងដៃ Tottenham Hotspur។

​ក្រោយពីបញ្ចប់ការប្រកួតឈ្នះ Aston Villa ភ្លាមៗ លោក Ruben Amorim បានបន្តដឹកនាំកីឡាករបិសាចក្រហម រួមមានប្រធានក្រុម Bruno Fernandes ធ្វើដំណើរទៅកាន់ការប្រកួតមិត្តភាពក្រោយបញ្ចប់រដូវកាល នៅទ្វីបអាស៊ី ដោយត្រូវប្រកួតទល់នឹងក្រុម ASEAN All Star នៅទឹកដីប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែឧសភា មុនពេលទៅតទល់នឹងក្រុមហុងកុង៕

ព័ត៌មានថ្មីៗ