ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន៥០អង្គភាព បានដាក់ញត្តិស្នើទៅទៅតុលាការកំពូល ឱ្យដកសិទ្ធិធ្វើនយោបាយ របស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ករណីនេះ តុលាការកំពូល អះអាងថានឹងយកញត្តិរបស់ក្រុមសង្គមស៊ីវិល បញ្ជូនទៅសាលាឧទ្ធរណ៍ភ្នំពេញពិនិត្យនិងដោះស្រាយវិញ ព្រោះសំណុំរឿងស្ថិតក្នុងសាលាឧទ្ធរណ៍នៅឡើយ។
នៅថ្ងៃទី២៦ឧសភានេះ តុលាការកំពូល ចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី «ការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិល ចំនួន៥០អង្គភាព»។ លិខិតនេះ ចេញដោយអ្នកនាំពាក្យតុលាការកំពូល ដោយមិនបង្ហាញឈ្មោះលម្អិតនៃក្រុមសង្គមស៊ីវិលឡើយ ដោយគ្រាន់តែរៀបរាប់ពីខ្លឹមសារញត្តិប៉ុណ្ណោះ។ ជាមួយគ្នាដែរ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ក៏មិនអាចទាក់ទង់លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល សុំការបង្ហាញព័ត៌មានលម្អិតបន្ថែមបានដែរ។
យ៉ាងណាក្ដី លិខិតដដែលរបស់តុលាការកំពូលបញ្ជាក់បែបនេះ៖ «អង្គការសង្គមស៊ីវិលចំនួន៥០អង្គភាព ស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្ដី លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត»។
ខ្លឹមសារនៃញត្តិលម្អិតពីមូលហេតុនៃការស្នើសុំ ឱ្យដកសិទ្ធិធ្វើនយោបាយ ព្រោះតែលោក រ៉ុង ឈុន ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដកសិទ្ធិនយោបាយ ប៉ុន្តែរហូតដល់ពេលនេះ លោក រ៉ុង ឈុន មិនត្រឹមតែមិនអនុវត្តតាមនោះទេ ថែមទាំងធ្វើសកម្មភាពនយោបាយជាបន្តបន្ទាប់។ នេះបើតាមតុលការកំពូល ហើយលិខិតដដែលក៏បង្ហាញពីជំហរសង្គមស៊ីវិលទាំងនោះដែរ ពួកគេសង្កត់ធ្ងន់បែបនេះ៖ «ទង្វើដែលមើលស្រាលច្បាប់បែបនេះ យើងខ្ញុំមានការព្រួយបារម្ភពីសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រជាជនកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន…»។ ក្រៅពីនេះ ក្នុងញត្តិនោះ លើកឡើងថា លោក រ៉ុង ឈុន មានទំនងជាមានទំនាក់ទំនង ឬមានការបញ្ជ្រាបមនោគមវិជ្ជានយោបាយប្រឆាំងពីក្រៅប្រទេស ដែលអាចប៉ះពាល់ដល់សន្តិភាពនៅកម្ពុជា។
បន្ទាប់ពីពិនិត្យញត្តិហើយ តុលាការកំពូលអះអាងថា សំណុំរឿងខាងលើ កំពុងស្ថិតនៅសាលាឧទ្ធរណ៍នៅឡើយ ហើយបញ្ជូនញត្តិនេះ ទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពិនិត្យ និងពិចារណាតាមច្បាប់ជាធរមានវិញ។ តុលាការកំពូលសង្កត់ធ្ងន់បែបនេះ៖ «តុលាការកំពូល នឹងតាមពិនិត្យមើលការដោះស្រាយសំណូមពរនៃញត្តិនេះ នៅសាលាឧទ្ធរណ៍ភ្នំពេញ»។
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានឌីជីថលថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក រ៉ុង ឈុន បានឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី៥ឧសភា ឆ្នាំ២០២៥ លោក រ៉ុង ឈុន ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទារទោសមួយករណីថ្មីទៀត ដោយដាក់ពន្ធនាគារកំណត់៤ឆ្នាំ និងពិន័យ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដក់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម)។ លើសពីនេះ តុលាការក៏ប្រកាសទោសបន្ថែម ដោយសម្រេចដកសិទ្ធិពលរដ្ឋជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ កន្លងមក មេធាវី លោក រ៉ុង ឈុន បានឱ្យដឹងថា ការកាត់ទោសនេះ ធ្វើឡើងដោយផ្អែកលើ សកម្មភាព លោក រ៉ុង ឈុន ចុះជួបប្រជាពលរដ្ឋនៅបឹងតាមោក ពលរដ្ឋនៅព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងការចូលរួមសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ ខេត្តកណ្តាល រួមទាំងការផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានមួយចំនួនផងដែរ។
អំឡុងឆ្នាំ២០២០ រ៉ុង ឈុន បានចុះទៅព្រំដែន ខេត្តត្បូងឃ្មុំ ហើយរិះគន់ និងផ្ដល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការបាត់ដី។ នៅថ្ងៃទី៣១កក្កដា លោក រ៉ុង ឈុន ក៏ត្រូវបានឃាត់ខ្លួន ហើយឆ្នាំ២០២១ ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដងរួមមកហើយ ពីបទញុះញង់ដោយសាលាដំបូងរាជធានីភ្នំពេញ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមកតុលាការក៏បង្គាប់ឱ្យលោក រ៉ុង ឈុន សងសំណងទៅគណៈកម្មការព្រំដែនជិត១០ម៉ឺនដុល្លារផងដែរ ពីករណីនេះ។ លុះដល់ថ្ងៃទី២៧មីនា ឆ្នាំ២០២៥ តុលាការក៏ចេញដីកា បង្ខំលក់អចលនវត្ថុ(ផ្ទះ)លោក រ៉ុង ឈុន ដែលមាន ទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះលោកពុំបានបង់សំណងទៅតាមការបង្គាប់របស់តុលាការ៕