មហាសេដ្ឋី អេឡុន ម៉ាស្ក៍ ដែលជាម្ចាស់ក្រុមហ៊ុនតេសស្លា និងក្រុមហ៊ុន Space X បានប្រកាសដកខ្លួនចេញពីក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ ដោយដើរចេញពីក្រុមការងាររបស់លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី២៤ឧសភា លោកអេឡុន ម៉ាស្ក៍ដែលជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោកបានប្រកាសបូជាថាមពល និងពេលវេលាដើម្បីក្រុមហ៊ុនឯកជនរបស់លោក ជាពិសេសតេសស្លា ដែលធ្លាក់កូដប្រជាប្រិយភាព ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងមហាសេដ្ឋីរូបនេះ ចូលរួមក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីកាន់ប៉ុស្តគន្លឹះដែលមានគោលដៅធ្វើកំណែទម្រង់ កាត់បន្ថយខ្ទង់ចំណាយរបស់អាមេរិក។
លោកដូណាល់ ត្រាំបាត់បង់រដ្ឋមន្រ្តីបញ្ញាសិប្បនិម្មិត លោកអេឡុន ម៉ាស្ក៍ ទីប្រឹក្សាដែលលោកបានតែងតាំងកាលពីដើមអាណត្តិ ឲ្យមើលការខុសត្រូវលើក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលដែលមានគោលដៅធំ គឺកាត់បន្ថយឲ្យបានអតិបរមាខ្ទង់ចំណាយរបស់រដ្ឋសហព័ន្ធ។
នៅថ្ងៃសៅរ៍ ទី ២៤ឧសភា ពោលគឺនៅប៉ុន្មានម៉ោងក្រោយបណ្តាញសង្គមX រលត់មិនដំណើរការអស់ជាច្រើនម៉ោង មហាសេដ្ឋីអេឡុន ម៉ាស្ក៍ បានប្រកាសជាផ្លូវការ ដើរចេញពីក្រុមការងាររបស់រដ្ឋបាល លោកដូណាល់ ត្រាំ ដើម្បីផ្តោតការងារ១០០% ទៅលើមុខជំនួញរបស់លោក។
ដោយប្រកាសត្រលប់ទៅធ្វើការពេញមួយថ្ងៃ មួយសប្តាហ៍៧ថ្ងៃ និងស្នាក់នៅជាប្រចាំនៅបន្ទប់សន្និសីទក្នុងរោងចក្រផលិតរថយន្តតេសស្លា ឬក្រុមហ៊ុន Space X លោកអេឡុន ម៉ាស្ក៍ អះអាងថា លោកចង់ស្រោចស្រង់ក្រុមហ៊ុន X ដែលទើបរងការវាយប្រហារពីក្រុមចោរព័ត៌មានវិទ្យា និងចង់ស្តារមុខមាត់របស់ក្រុមហ៊ុនរថយន្តអគ្គិសនីតេសស្លាដែលមានភាគហ៊ុនធ្លាក់ដាំក្បាល ចាប់តាំងពីលោកចូលរួមក្នុងរដ្ឋាភិបាល លោកដូណាល់ត្រាំ ក្នុង នាមជាប្រធានក្រសួងដើម្បីប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។
ដោយចំណាយពេលទាំងស្រុងលើក្រុមហ៊ុនឧស្សាហកម្ម និងគម្រោងកម្មវិធីបញ្ញាសិប្បនិម្មិត មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេក្នុងពិភពលោក និយាយដែរថា លោកចង់ផ្តោតសំខាន់លើបេសកកម្មរបស់ក្រុមហ៊ុន Space X ដែលត្រូវបាញ់បញ្ជូនយានអវកាសសាជាថ្មី នៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
បន្ទាប់ពីចំណាយលុយជាង ១០០លានដុល្លារ ដើម្បីជួយលោកដូណាល់ ត្រាំនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក អេឡុន ម៉ាស្ក៍ ត្រូវបានលោកដូណាល់ ត្រាំជ្រើសរើសឲ្យកាន់ក្បាលម៉ាស៊ីនស្ថាប័នដ៏ថ្មីសន្លាង ជាមួយមហិច្ឆតា កាត់បន្ថយប្រាក់បំណុលរដ្ឋ តាមរយៈការលុបចោលការចំណាយ និងការធ្វើឌីជីថលរូបនីយកម្មដោយចាប់បង្ខំនៅតាម បណ្តាស្ថាប័នរដ្ឋ។
នៅដើមអាណត្តិ លោក អេឡុន ម៉ាស្ក៍ ដែលគេជឿថា ជាអ្នកផ្លុំ ខ្សឹបដាក់ត្រចៀកលោកដូណាល់ ត្រាំ ឲ្យលុបបំបាត់ចោលទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID បានសន្យាកាត់ច្រិបគ្រប់វិស័យ ដើម្បីឲ្យរដ្ឋបាលលោកដូណាល់ ត្រាំអាចសន្សំសំចៃប្រាក់ប្រមាណ ២ទ្រីលានដុល្លារ ក្នុងអាណត្តិរបស់ លោក ដូណាល់ ត្រាំ។ ប៉ុន្តែនៅក្នុងរយៈពេល៤ខែ ដើមអាណត្តិរបស់ លោក ដូណាល់ ត្រាំ គម្រោងកាត់បន្ថយខ្ទង់ចំណាយដ៏អប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ ក្រោមការជំរុញរបស់លោក អេឡុន ម៉ាស្ក៍ ត្រូវគេប្រមាណថា នឹងអាចធ្វើឲ្យរដ្ឋបាលលោកត្រាំ កាត់បន្ថយថវិកាប្រមាណតែ ១៦០ ពាន់លានដុល្លារ ពោលគឺតិចឆ្ងាយ ជាងការសន្យារបស់ លោក អេឡុន ម៉ាស្ក៍។
នៅក្នុងក្រសែភ្នែករបស់អ្នកជំនាញ អ្នកប្រវត្តិសាស្រ្តដូចជាលោក Henry Brands នៃសកលវិទ្យាល័យតិចសាស់ ការដកខ្លួនរបស់មហាសេដ្ឋី អេឡុន ម៉ាស្ក៍ ពីក្រុមលោកដូណាល់ ត្រាំមិនមែនជារឿងថ្មីទេ។ អ្នកជំនួញជាច្រើននាក់ដូចជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនប្រេង Rex Tillerson ជាដើមដែលធ្លាប់មានឆន្ទៈ ចង់ជួយរដ្ឋបាលលោកដូណាល់ ត្រាំ ធ្វើកំណែទម្រង់កាលពីអាណត្តិទី១ ក៏ត្រូវខ្ទាតចេញពីរង្វង់នយោបាយដែរ។
ក្នុងនាមជាអ្នកជំនួញ និងមានចក្ខុវិស័យ លោកអេឡុន ម៉ាស្ក៍ផ្ទាល់ចង់ធ្វើកំណែទម្រង់កាត់បន្ថយការចំណាយដែលចាត់ទុកថា ខ្ជះខ្ជាយ ដូចជានៅក្នុងវិស័យកងទ័ព កេសប្រាក់អ្នកចូលនិវត្តន៍ ជាដើម។ លោក អេឡុន ម៉ាស្ក៍ មានឆន្ទៈចង់ធ្វើកំណែទម្រង់ស៊ីជម្រៅ ប៉ុន្តែនៅទីបំផុតត្រូវបរាជ័យ។
ចំពោះអ្នកជំនាញ បរាជ័យរបស់លោកអេឡុន ម៉ាស្ក៍មិនមែនមកពីបញ្ហាបច្ចេកទេស ប៉ុន្តែ ជាបញ្ហានយោបាយ។ ដោយចង់កាត់បន្ថយខ្ទង់ចំណាយរបស់ក្រសួងការពារជាតិ និងហិបប្រាក់និវត្តន៍របស់ប្រជាជនអាមេរិក លោក អេឡុន ម៉ាស្ក៍ កំពុងគំរាមកំហែងប្រយោជន៍របស់ក្រុមហ៊ុនផលិតអាវុធអាមេរិក និងអ្នកនយោបាយ ដែលត្រូវការសំឡេងឆ្នោតពីប្រជាជនអាមេរិក។ ដោយបរាជ័យ មិនអាចធ្វើកំណែទម្រង់ គាស់រំលើងឫសគល់នៃបញ្ហា លោក អេឡុន ម៉ាស្ក៍ មានតែត្រូវដកខ្លួនចេញពីពិភពនយោបាយ។
នៅក្រោយការប្រកាសដកខ្លួនរបស់មហាសេដ្ឋី អេឡុន ម៉ាស្ក៍ អ្នកនាំពាក្យរបស់សេតវិមានបានអះអាងធានាថា ក្រសួងដើម្បីប្រសិទ្ធភាពរដ្ឋាភិបាល DOGE នៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ ការរំលោភអំណាច និងការលួចបន្លំ៕