ក្រសួងការបរទេសអាម៉េរិកបានស្នើឱ្យស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនបញ្ឈប់ជាបន្ទាន់ នូវការកំណត់ពេលសម្ភាសទិដ្ឋាការសម្រាប់និស្សិតបរទេស។ នេះបើតាមប្រភពប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក។
យោងតាមសារាចរណែនាំផ្ទៃក្នុងរបស់ក្រសួងការបរទេសអាម៉េរិក ដែលដកស្រង់ដោយ Politico ស្ថានទូត និងស្ថានកុងស៊ុលអាម៉េរិកត្រូវតែផ្អាកជាបន្ទាន់ នូវការណាត់ជួបសម្ភាសទិដ្ឋាការបន្ថែម សម្រាប់និស្សិតបរទេស ឬកម្មវិធីផ្លាស់ប្តូរអ្នកទស្សនាដែលមានទិដ្ឋាការ F, M និង J។
នៅក្នុងសេចក្តីណែនាំពីក្រសួងការបរទេសអាម៉េរិក ទីភ្នាក់ងារនេះកំពុងពិនិត្យមើលការអនុវត្ត និងដំណើរការរបស់ខ្លួនសម្រាប់ការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទទាំងនេះ។ ការណែនាំជាក់លាក់លើការពិនិត្យគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកដាក់ពាក្យសុំទិដ្ឋាការ នឹងត្រូវបានចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ចំណាត់ការនេះ ត្រូវបានគេមើលឃើញថា ជាការបង្កើនការត្រួតពិនិត្យបន្ថែមទៅលើនិស្សិតដែលបានចូលរួមក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យអាម៉េរិក។ ចាប់តាំងពីខែមីនាមក មន្ត្រីកុងស៊ុលអាម៉េរិកត្រូវបានតម្រូវឱ្យពិនិត្យគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់អ្នកដាក់ពាក្យសុំទិដ្ឋាការ នៅលើវេទិកាដូចជា Instagram, X និង TikTok សម្រាប់ព័ត៌មានដែលត្រូវបានចាត់ទុកថាគាំទ្រប៉ាឡេស្ទីន ឬសកម្មភាពភេរវករ គំរាមកំហែងដល់សន្តិសុខជាតិរបស់អាម៉េរិក ឬប្រឆាំងនឹងពួកជ្វីស្វ។
បច្ចុប្បន្ន អាម៉េរិកមាននិស្សិតអន្តរជាតិជាង ១លាននាក់ ដោយបានរួមចំណែកជិត ៤៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាម៉េរិក និងគាំទ្រការងារជាង ៣៧៨ ០០០កន្លែង ក្នុងឆ្នាំ២០២៣ និង ២០២៤។ ការផ្អាកបណ្តោះអាសន្ននៃទិដ្ឋាការសម្រាប់និស្សិតបរទេស ត្រូវបានគេរំពឹងថា នឹងបង្កការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់សាកលវិទ្យាល័យអាម៉េរិក ដោយសារចំនួននិស្សិតបរទេសចុះឈ្មោះបន្តធ្លាក់ចុះ។
ទោះបីជាយ៉ាងណា មិនទាន់មានការប្រកាសជាផ្លូវការពីក្រសួងការបរទេសអាម៉េរិក អំពីព័ត៌មានខាងលើនោះទេ៕