ភ្នំពេញ៖ តុលាការសម្រេចឃុំខ្លួន លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានបរិស្ថាន នៅពន្ធនាគារខេត្តស្ទឹងត្រែងបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងបទ ញុះញង់ និងបរិហារកេរ្តិ៍។ ករណីនេះ អ្នកស្រី ឯក សុជាតិ ដែលជាប្រពន្ធលោក អ៊ុក ម៉ៅ អំពាវនាវឱ្យសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យប្ដីខ្លួន។
ករណីចាប់ខ្លួន លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មានឥន្ទ្រីផ្លើស ញូស៍ ប្រចាំខេត្តស្ទឹងត្រែង ត្រូវបានអង្គការជាតិ និងអន្តរជាតិ រិះគន់យ៉ាងខ្លាំង ដោយចាត់ទុកជា ការគំរាមកំហែង ដល់អ្នកសារព័ត៌មាន ហើយស្នើឱ្យពិនិត្យឱ្យបានលម្អិតលើសំណុំរឿងនេះ។ ជាមួយគ្នាដែរ ប្រពន្ធលោក អ៊ុក ម៉ៅ ក៏បានចាត់ទុកការចាប់ខ្លួននេះ ជាអំពើអយុត្តិធម៌ដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរស័ព្ទអ្នកស្រីនាល្ងាចថ្ងៃទី១៩ឧសភា អ្នកស្រី ពុំទាន់ដឹងថា ប្ដីខ្លួនរងបទចោទអ្វីខ្លះនោះឡើយ ហើយអំឡុងពេលលចាប់ខ្លួន ក៏ពុំឃើញមានដីកាដែរ។ ចាប់តាំងពីថ្ងៃចាប់ខ្លួនលោក អ៊ុក ម៉ៅ ថ្ងៃទី១៦ឧសភា ស្ត្រីដែលមានកូន៧រូបនេះ ពុំទាន់បានជួបមុខប្ដីខ្លួនឡើយ។ អ្នកស្ត្រី រៀងរាប់ទាំងសោកសៅ ពីការព្យាយាម យកសម្លៀកបំពាក់ និងអាហារឱ្យចំនួនពីរលើក តែមន្ត្រីពន្ធនាគារមិនអនុញ្ញាត ដោយបានត្រឹមតែផ្ញើអាហារទៅតាមមន្ត្រីពន្ធនាគារប៉ុណ្ណោះ។
អ្នកស្រីវ័យ៤២ឆ្នាំខាងលើ បានសង្កត់ធ្ងន់ថា៖ «ការចាប់ប្ដីខ្ញុំនេះ ដូចជាអយុត្តិធម៌ណាស់ ព្រោះបើគ្រួសារខ្ញុំគាត់ខុសពីបទអ្វី គួរណាស់តែអានដីកាចាប់ខ្លួន ឱ្យខ្ញុំស្ដាប់សិន មុនចាប់ខ្លួនគ្រួសារខ្ញុំទៅ»។
ចាប់តាំងពីឆ្នាំ២០១១ ដល់២០២៥នេះ អ៊ុក ម៉ៅ ជាប់បណ្ដឹងជាហូរហែ ជាង១០បណ្ដឹង ពាក់ព័ន្ធនឹងការរុករានព្រៃ ដោយមន្ត្រីបរិស្ថាន។ នេះបើតាមការបញ្ជាក់របស់ ប្រពន្ធលោក អ៊ុក ម៉ៅ ហើយបដិសេធជាមួយបណ្ដឹងចោទប្រកាន់ទាំងនោះ ដោយអះអាងថា ប្ដីខ្លួន ជាអ្នកនៅក្នុងសហគមន៍ព្រៃឈើ ស្រលាញ់ធនធានធម្មជាតិណាស់ មិនបានទៅបំផ្លាញព្រៃឈើដូចការចោទប្រកាន់ឡើយ។
ហេតុនេះ អ្នកស្រី បានស្នើសុំយ៉ាងដូច្នេះ៖ «សូមសំណូមពរ ដល់ថ្នាក់ដឹកនាំ សម្ដេច ហ៊ុន ម៉ាណែត សូមជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យប្ដីនាងខ្ញុំផង ព្រោះខ្ញុំសព្វថ្ងៃ ធ្វើចម្ការមានបន្ទុកកូនច្រើនក្នុងគ្រួសារ ហើយកូនតូចទើបបាន៨ខែ ខ្ញុំមិនអាចទៅបោសចម្ការ ចិញ្ចឹមកូនបានទេ»។
ជុំវិញការចាប់ខ្លួននេះ លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងពីលោក អ៊ុក ម៉ៅ ជាប់ចោទពីរបទល្មើស គឺបទញុះញង់ និងបរិហារកេរ្តិ៍ ដែលប្រព្រឹត្តកាលពីខែឧសភាឆ្នាំ២០២៤ និងខែកុម្ភៈឆ្នាំ២០២៥។ លោកបន្តថា ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីស៊ើបសួរ។ ពាក់ព័ន្ធនឹង ករណីលម្អិតនៃការចាប់ខ្លួន អ្នកនាំពាក្យរូបនេះ ពុំដឹងច្បាស់ឡើយ ដោយគ្រាន់តែដឹងថាមន្ត្រីបរិស្ថានជាដើមបណ្ដឹង។
បញ្ហានេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ពុំបានដឹងពីបទចោទប្រកាន់លើលោក អ៊ុក ម៉ៅ ឡើយ ដោយដឹងត្រឹមថា លោក អ៊ុក ម៉ៅ ជាប់ពាក់ពន្ធនឹងបទល្មើសធនធានធម្មជាតិតាំងតែពីដើមមកម្ល៉េះ។ រឿងរ៉ាវលម្អិត ប្រធានមន្ទីរបរិស្ថានរូបនេះ ស្នើឱ្យសារព័ត៌មានឌីជីថលថ្មីៗ ចុះទៅជួបជជែកផ្ទាល់ជាមួយលោក។
ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ សមាគមអាដហុក កំពុងរៀបចំផ្ដល់មេធាវី ការពារក្ដីលោក អ៊ុក ម៉ៅ តាមការស្នើសុំរបស់ប្រពន្ធ។ នេះបើតាម លោក ស៊ុន ឡង់ឌី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្ទឹងត្រែង ហើយលោកបន្ថែមថា បច្ចុប្បន្ន សមាគមអាដហុក មិនទាន់ដឹងច្បាស់ពីភស្តុតាងដែលដើមបណ្ដឹងដាក់បន្ទុកលើ លោក អ៊ុក ម៉ៅ ឡើយ។ លោកប្រាប់សារព័ត៌មានឌីជីថលថ្មីៗបែបនេះ៖ «ទាក់ទងនឹងបទចោទញុះញង់នេះ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយផ្លូវច្បាប់(មេធាវី) ហើយប្រពន្ធគាត់ក៏បានស្នើសុំមកខាងយើងរួចហើយដែរ»។
យ៉ាងណាក្ដី សមាគមអាដហុកបានដាក់ការសង្ស័យថាការចាប់ខ្លួន លោក អ៊ុក ម៉ៅ ទំនងដោយសារតែ លោកផ្ដល់បទសម្ភាសដល់សារព័ត៌មានកាលពីថ្ងៃទី១៣ឧសភា ដោយបានរិះគន់ពីតុលាការខេត្តស្ទឹងត្រែង គ្មានយុត្តិធម៌ និងគ្មានតម្លាភាព លើរូបលោក។
ទាក់ទិននឹងសំណុំរឿងខាងលើ បណ្ដាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ រួមជាមួយសង្គមស៊ីវិល ដែលមានដូចជា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឱ្យដោះលែង លោក អ៊ុក ម៉ៅ ជាបន្ទាន់។
បើតាមអ្នកស្រី សុជាតិ ប្ដីខ្លួនមានវ័យ៥៧ឆ្នាំ ហើយចូលប្រឡូកក្នុងវិស័យការពារព្រៃឈើអស់រយៈពេលជាង២០ឆ្នាំ ទើបចូលជាអ្នកសារព័ត៌មាន រាយការណ៍ព័ត៌មានអំពីការកាប់ឈើខុសច្បាប់នៅក្នុងព្រៃឡង់។ ហើយប្ដីខ្លួន សព្វថ្ងៃ ក៏ជាសមាជិកគណបក្សដើម្បីកម្ពុជាដែរ។ តាមរយៈបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ ដែលជាប្រធានបក្ស បានទាមទារ ស្នើសុំឱ្យក្រសួងមហាផ្ទៃ ពិនិត្យអំពីភាពមិនប្រក្រតី ជុំវិញការចាប់ខ្លួនមន្ត្រីខ្លួន។
សូមជម្រាបថា លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួន ដោយជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៣នាក់ ដែលក្នុងនោះ មានម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៦ឧសភា។ ជនទាំង៣នាក់នោះ ជិះរថយន្តម៉ាក្សលុចស៊ីស (Lexus) ពណ៌សមួយគ្រឿង បានមកឈប់នៅមុខផ្ទះលោក អ៊ុក ម៉ៅ ស្ថិតនៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ហើយបានចុះពីលើរថយន្ត ដើរសំដៅចូលផ្ទះ លោកអ៊ុក ម៉ៅ។ ពួកគេ និយាយប្រាប់ លោក អ៊ុក ម៉ៅ ថាឱ្យជួយជូនទៅមើលដី ហើយក៏ចាប់ដាក់ខ្នោះដៃ ដោយមិនបានប្រាប់ពីមូលហេតុ។ នេះបើតាមសម្ដីប្រពន្ធលោក អ៊ុក ម៉ៅ និង សមាគមអាដហុក។
កន្លងមក លោកអ៊ុក ម៉ៅ រងបណ្ដឹងចំនួន១៥ ករណី ដែលជាប់នៅតុលាការខេត្តស្ទឹងត្រែង។ បណ្ដឹងភាគច្រើន ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ឋិ។ ដើមបណ្ដឹង ភាគច្រើន ជាមន្រ្តីនៅមន្ទីបរិស្ថានខេត្តស្ទឹងត្រែង និងចេញពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។ មិនត្រឹមតែការទទួលរងនូវពាក្យបណ្តឹងប៉ុណ្ណេះទេ ជារឿនៗលោកក៍តែងតែទទួលរងនូវការសំឡុត គំរាមកំហែងពីសំណាក់អ្នកមានអំណាច និងក្រុមឈ្មួយមួយចំនួនទៀត។ លើសពីនេះ លោក អ៊ុក ម៉ៅ ធ្លាប់ត្រូវបានជនមិនស្គាល់មុខ ចូលមកលួចដុតផ្ទះទៀតផង កាលពីអំឡុងឆ្នាំ២០២៣៕