ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនាបច្ចុប្បន្ន ភាគីពាក់ព័ន្ធបានខិតខំរួមគ្នាទប់ស្កាត់ និងការការពារឧក្រិដ្ឋកម្មនេះ។ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំ «ទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥» ដែលអ្នកជំនាញពាក់ព័ន្ធចូលរួមផ្ទាល់និងប្រយោល៣០០នាក់ នាថ្ងៃទី២៣ ខែឧសភា។
ប្រធានបទនៃទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការទប់ស្កាត់ និងការការពារ»នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងលើកកម្ពស់ឧត្ដមានុវត្តន៍សម្រាប់សុវត្ថិភាពឌីជីថល។ អ្នកចូលរួមវេទិកានេះ មានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាល ធនាគារិក ជំនាញការផ្នែកព័ត៌មានវិទ្យា ផ្នែកសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យ និងប្រធានផ្នែកប្រតិបត្តិតាម មកពីគ្រឹះស្ថានធនាគារជាសមាជិក រួមជាមួយនឹងតំណាងមកស្ថាប័នដៃគូសំខាន់ៗ និងថ្នាក់ដឹកនាំមកពីវិស័យឯកជនផ្សេងទៀត។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា។
បើតាមលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ទិវាសុវត្ថិភាពឌីជីថល គឺលែងជាមុខងារបច្ចេកទេសតែមួយផ្នែកទៀតហើយ តែវាជាអាទិភាពសម្រាប់គណៈគ្រប់គ្រងស្ថាប័ន និងគ្រឹះស្ថាន ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឬស្ថាប័នហិរញ្ញវត្ថុទាំងមូល។ « វាក៏មិនមែនជាការទទួលខុសត្រូវរបស់ផ្នែកព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះដែរ។ តែអ្នកគ្រប់គ្នានៅក្នុងវិស័យហិរញ្ញវត្ថុជាអ្នកមានតួនាទីក្នុងការទប់ស្កាត់ និងការពារបញ្ហានេះ។ នេះជាការលើកឡើងរបស់លោកប្រធានសមាគមធនាគារនៅកម្ពុជា ដែលរាល់ការចុចលើប្រតិបត្តិការ និងការផ្ទេរទិន្នន័យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ក្នុងការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ព្រោះវាអាចប្រឈមនូវការគំរាមកំហែងរាល់វិនាទី។ ការគំរាមកំហែងមានពិតប្រាកដ និងវិវត្តជាប្រចាំ។
លោក រ័ត្ន សោភ័ណ បានបន្ថែមថា ៖ «ជាមួយនឹងការបោកប្រាស់តាមប្រព័ន្ធឌីជីថល មានដូចជា ការបោកប្រាស់តាមរយៈការផ្ញើសារ ឬអ៊ីមែល (phishing) ការវាយប្រហារដោយមេរោគកុំព្យូទ័រ (Ransomware) និងវិធីសាស្រ្តនៃការបោកប្រាស់កាន់តែមានលក្ខណៈស្មុគស្មាញ។ ដូច្នេះកម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ និងការពារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងកសាងទំនុកចិត្តពីសំណាក់អតិថិជន»។