មេដឹកនាំអាស៊ានមានជំនួបជាមួយថ្នាក់ដឹកនាំចិន ដើម្បីពិភាក្សាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈពួកគេកំពុងប្រឈមនឹងបញ្ហាពន្ធគយថ្មី ដែលអាម៉េរិកដាក់លើបណ្តាប្រទេសជាច្រើន រួមទាំងអាស៊ាន។
កិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ បានផ្តោតលើការដោះស្រាយផលប៉ះពាល់នៃពន្ធគយអាម៉េរិក ដែលបានប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមេសា។ ពន្ធគយទាំងនេះរួមមានអត្រា ១៤៥ភាគរយលើទំនិញចិន ដែលត្រូវបានព្យួរ និងប្រទេសអាស៊ានមួយចំនួនដែលមានអត្រាពន្ធខ្ពស់ដូចជា កម្ពុជា (៤៩ភាគរយ) និងវៀតណាម (៤៦ភាគរយ) មុនពេលត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៩០ ថ្ងៃ ដោយជំនួសដោយអត្រា ១០ភាគរយ សម្រាប់ប្រទេសភាគច្រើន លើកលែងតែចិន។
កិច្ចប្រជុំនេះបានបង្ហាញពីក្តីបារម្ភរបស់អាស៊ាន ចំពោះគោលនយោបាយរបស់អាម៉េរិក ដែលគំរាមកំហែងដល់ការនាំចេញសេដ្ឋកិច្ចនៅក្នុងតំបន់។ អាស៊ានបានសន្យាមិនឆ្លើយតបជាមួយវិធានការសងសឹកទេ ប៉ុន្តែជំនួសមកវិញ ដោយស្វែងរកការចរចាជាមួយអាម៉េរិក ស្របពេលឆ្លៀតពង្រឹងទំនាក់ទំនងជាមួយចិន។
«ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយកំពុងតែវិវត្តន៍ ហើយប្រព័ន្ធពាណិជ្ជកម្មសកលកំពុងស្ថិតក្រោមភាពតានតឹង ជាមួយនឹងការដំឡើងពន្ធឯកតោភាគីរបស់អាម៉េរិកនាពេលថ្មីៗនេះ»។ នេះបើតាមការថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
ឆ្លៀតពេលដែលបណ្តាប្រទេសជាច្រើនមានការថ្នាំងថ្នាក់ជាមួយអាម៉េរិក ចិនដឹកនាំដោយលោកនាយករដ្ឋមន្ត្រី លី ឈាំង នៅថ្ងៃទី២៧ ខែឧសភា បានបង្ហាញខ្លួនជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបាន ដោយជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានក្នុងកិច្ចប្រជុំកំពូល ASEAN-GCC-China។ ASEAN-GCC-China Summit គឺជាកិច្ចប្រជុំត្រីភាគីដែលនាំឱ្យបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងប្រទេសចិនមកជួបជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាយុទ្ធសាស្ត្រផ្សេងៗ។
ទោះជាយ៉ាងណា ប្រទេសអាស៊ានដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលពឹងផ្អែកលើទីផ្សារអាម៉េរិក កំពុងប្រឈមនឹងសម្ពាធធំៗចំនួន ២ គឺការចរចាជាមួយអាម៉េរិកដើម្បីកាត់បន្ថយពន្ធគយ និងការគ្រប់គ្រងទំនាក់ទំនងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួន។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន បានអំពាវនាវឱ្យមានឯកភាពក្នុងតំបន់ ប៉ុន្តែអ្នកវិភាគជាច្រើនចាត់ទុកថា ការចរចាទ្វេភាគីជាមួយអាម៉េរិក ទំនងជាវិធីសាស្ត្រដែលប្រទេសនីមួយៗនឹងជ្រើសរើស ដោយសារផលប្រយោជន៍ជាតិខុសៗគ្នា។
លើសពីនេះ ប្រទេសអាស៊ាន ក៏មានក្តីបារម្ភអំពីលទ្ធភាពនៃការលំហូរនៃទំនិញថោកៗពីចិន ដែលស្វែងរកទីផ្សារថ្មី ខណៈទីផ្សារអាម៉េរិករបស់ខ្លួន រងការដាក់ទណ្ឌកម្ម។ ដើម្បីទប់ទល់នឹងបញ្ហានេះ អាស៊ាន កំពុងពិចារណាលើការពង្រឹងពាណិជ្ជកម្មក្នុងតំបន់ ដោយកាត់បន្ថយឧបសគ្គមិនមែនពន្ធគយ និងជំរុញការវិនិយោគពីចិនឱ្យផលិតនៅក្នុងតំបន់។
ជារួម កិច្ចប្រជុំនេះបង្ហាញពីការព្យាយាមរបស់អាស៊ានក្នុងការរក្សាតុល្យភាពរវាងអាម៉េរិក និងចិន ខណៈពួកគេព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួន ពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងការដាក់ពន្ធគយ៕