នាយករដ្ឋមន្រ្តីចិន សាទរកិច្ចខិតខំប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា
ចែករំលែក

ចិន និងកម្ពុជា បានសម្រេចលទ្ធផលប្រកបដោយភាពវិជ្ជមាន ក្នុងកិច្ចខិតខំរួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន បានបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ក្នុងថ្ងៃទី២៧ ខែឧសភា។

នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ នៅម៉ាឡេស៊ី ក្នុងថ្ងៃទី២៧ ខែឧសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបជាមួយ លោក លី ឈាំង សមភាគីចិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច។ តាមរយៈជំនួបនេះ លោក លី បានសាទរពីកិច្ចខិតខំរួមគ្នារវាងចិន និងកម្ពុជា ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ 

«នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានលើកឡើងថា ចិន និងកម្ពុជា បានសម្រេចលទ្ធផលជាវិជ្ជមានក្នុងកិច្ចខិតខំប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយបែបនេះ។ 

ប្រមុខរដ្ឋាភិបាលចិន ក៏បានជំរុញប្រទេសទាំងពីរឱ្យចាត់វិធានការខ្លាំងក្លាបន្ថែមទៀត ដើម្បីការពារសុវត្ថិភាព និងសន្តិសុខប្រជាជនរបស់ខ្លួន។ 

ដោយមិនបានសំដៅដល់ប្រទេសណាមួយ លោក លី បានជំរុញឱ្យប្រទេសទាំងពីរ ឆ្លើយតបនឹងភាពមិនច្បាស់លាស់ពីខាងក្រៅ ដើម្បីកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ លើសពីនេះ លោក លី បានស្នើឱ្យរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងការពារផលប្រយោជន៍រួមផងដែរ។ 

ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា និងមានការវិនិយោគជាច្រើននៅកម្ពុជា។ តាមទិន្នន័យរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កម្ពុជា និងចិន មានទំហំពាណិជ្ជកម្មជាង ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ ដោយចិននាំចូលកម្ពុជាមានចំនួន ១៣,៤៤ពាន់លានដុល្លារ ហើយកម្ពុជានាំទំនិញទៅចិនមានចំនួន ១,៧៥ពាន់លានដុល្លារ៕

ព័ត៌មានថ្មីៗ