កិច្ចប្រជុំអាស៊ាន ចិន និងប្រទេសឈូងសមុទ្រ ជាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត
ចែករំលែក

ការបើកកិច្ចប្រជុំកំពូលត្រីភាគីអាស៊ាន ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងចិន ជាការបើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែឧសភា។

ស្របពេលរងការគំរាមកំហែងពន្ធគយពីអាម៉េរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាស៊ាន កំពុងស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗ ក្នុងនោះមានក្រុមប្រទេសនៅតំបន់ឈូងសមុទ្រជាដើម។ នៅថ្ងៃទី២៧ ខែឧសភា អាស៊ាន នឹងមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយក្រុមប្រទេសឈូងសមុទ្រ និងចិនលើកដំបូង ដើម្បីផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។  

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានលោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាត់ទុកជាការបើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត។ «នេះជាកិច្ចប្រជុំនៃក្រុមប្រទេសមានគំនិតដូចគ្នា ប្រជាជនដែលចង់អភិវឌ្ឍប្រទេស, ជឿលើឯករាជ្យភាព, សិទ្ធិ, ប្រជាធិបតេយ្យ, ពង្រីកទំហំពាណិជ្ជកម្ម និងបង្កើនការវិនិយោគ»។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីលាងសាយភោជ នៅយប់ថ្ងៃទី២៦ ខែឧសភា។ ក្រុមប្រទេស GCC មានដូចជា បារ៉ែន, កូវ៉ែត, អូម៉ង់, កាតា, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ 

នៅក្នុងសុន្ទរកថា យប់ថ្ងៃទី២៦ ខែឧសភា លោក អាន់វ៉ា បានចាត់ទុកក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយចាត់ទុកជាតំបន់មានការរីកចម្រើនសេដ្ឋកិច្ចដ៏រហ័ស និងសន្តិភាពក្នុងពិភពលោក។ ចំណែកចិន ត្រូវបានប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២៥ រូបនេះ ​ចាត់ទុកជាមិត្តដ៏មានតម្លៃ បើទោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ 

នៅថ្ងៃទី២៦ ខែឧសភា លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ានដោយផ្ទាល់ បានចាត់ទុក កិច្ចប្រជុំអាស៊ាន ចិន និងប្រទេសឈូងសមុទ្រ ជាឱកាស និងជាកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់។ 

សូមបញ្ជាក់ថា ទំហំសេដ្ឋកិច្ចសរុបនៃប្រទេសអាស៊ាន, ក្រុមប្រទេសឈូងសមុទ្រ និងចិនមានចំនួនជិត ២៥ ទ្រី លានដុល្លារ ហើយមានចំនួនប្រជាជនលើសពី២ពាន់លាននាក់៕ 

ព័ត៌មានថ្មីៗ